
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី ២៣ កក្កដានេះ បានបញ្ជាក់ថា ជនជាតិនីហ្សេរីយ៉ា មានជំងឺអ៊ុតស្វា ហើយបានបាត់ខ្លួនពីប្រទេសថៃ ពុំទាន់មានរបាយការណ៍ណាមួយថា បានចូលមកទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឡើយនៅឡើយទេ។
យោងតាមទំព័រtwitter លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានអំពីជនជាតិនីហ្សេរីយ៉ា ដែលត្រូវបានអាជ្ញាធរសុខាភិបាលថៃ ពិនិត្យឃើញថា មានផ្ទុកជំងឺអុតស្វាយ បានចូលមកប្រទេសកម្ពុជានៅឡើយទេ។លោកជំទាវថា ក្រសួងសុខាភិបាល កំពុងស្វែងរកយ៉ាងសកម្ម និងដាក់វិធានការចាំបាច់ទាំងអស់ចំពោះបញ្ហានេះ។ ព័ត៌មានថ្មីណាមួយអាចត្រូវបានធ្វើបច្ចុប្បន្នភាព។
គួរបញ្ជាក់ថា អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានប្រកាសថា បុរសជនជាតិនីហ្សេរីយ៉ា ម្នាក់ដែលកើតជំងឺអ៊ុតស្វា បានរត់គេចពីការគ្រប់គ្រងរបស់អាជ្ញាធរនៃព្រះរាជាណាចក្រថៃ ចូលមកកាន់ខេត្តព្រះសីហនុ។លោកបានអំពាវនាវនិងណែនាំបន្ទាន់ទៅគ្រប់អាជ្ញាធរមានសមត្ថកិច្ចក្នុងភូមិសាស្ត្រខេត្តនិងតាមព្រំដែនត្រូវ យកចិត្តទុកដាក់ស្រាវជ្រាវរកមុខជនបរទេសម្នាក់ដែលកើតជំងឺអ៊ុតស្វាយធំ។