Cctimesw1140xh150cm copy

យុវជន សន ហុងសេង ប្តេជ្ញា«បម្រើ»ពលរដ្ឋឱ្យសកម្ម ក្រោយតែងតាំងអភិបាលរងស្រុកកៀនស្វាយ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក សន ហុងសេង និង ភរិយា

ភ្នំពេញ៖ លោក សន ហុងសេង ជាមន្ត្រីវ័យក្មេង ដែលទើបតែត្រូវបានតែងតាំងជា អភិបាលរង នៃគណអភិបាលស្រុកកៀនស្វាយ នៅក្នុងវ័យ ២៧ឆ្នាំ ។ លោក ហុងសេង មិនត្រឹមតែជាមន្ត្រីដែលមានសម្ថភាព និងទទួលបានការតែងតាំងជា អភិបាលរង នៃគណអភិបាលស្រុកកៀនស្វាយ ទាំងវ័យក្មេងនោះទេ ប៉ុន្ដែលោកថែមទាំងជាសិស្សម្នាក់ ដែលប្រវត្តិនៃការសិក្សាល្អប្រសើរផងដែរ។

លោក ហុងសេង បានឱ្យដឹងថា លោកមានទីកន្លែងកំណើតនៅស្រុកកោះធំ ខេត្តកណ្ដាល។ នៅក្នុងឆ្នាំ១៩៩៩ ក្រុមគ្រួសាររបស់លោក បានប្ដូរទីលំនៅ ទៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ លោកមានបងប្អូន ០៥នាក់ ស្រី០៤នាក់ និងប្រុស០១នាក់ ហើយលោកគឺជាកូនប្រុសពៅ។ ឳពុកម្ដាយរបស់លោក មានរបរជាកសិករ និងបងស្រីរបស់លោក មានរបរជាអាជីវករ និងធ្វើការនៅក្នុងវិស័យឯកជន។ នៅក្នុងក្នុងគ្រួសារ មានតែលោកម្នាក់ប៉ុណ្ណោះ ដែលបំពេញការងារ ជាមន្ត្រីរាជការ នៅក្នុងវិស័យសាធារណៈ។

លោក ហុងសេង បានបន្ដថា លោកបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០១៣ ពីវិទ្យាល័យ ជា ស៊ីម កំពង់ត្រឡាច ដែលទទួលបាននិន្ទេស B។ ក្រោយបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ លោកបានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញរដ្ឋាបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជំនាញអប់រំភាសាអង់គ្លេស នៅសាកលវិទ្យាល័យវេស្ទើន។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល (ឆ្វេង) និងលោក សន ហុងសេង (ស្តាំ) ក្នុងថ្ងៃប្រកាសចូលតំណែង អភិបាលរងស្រុកកៀនស្វាយ

ការដែលលោកជ្រើសរើសសិក្សាជំនាញអប់រំភាសាអង់គ្លេស ព្រោះជាមូលដ្ឋានគ្រឹះចាំបាច់ ក្នុងការទំនាក់ទំនង និងពង្រឹងសមត្ថភាពបន្ថែម ជាពិសេសភាសាអង់គ្លេសជាភាសាផ្លូវការនៅក្នុងអាស៊ាន ក៏ដូចជាការប្រើប្រាស់ជាសាកល និងប្រើប្រាស់នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ។ ចំណែកជំនាញរដ្ឋបាលសាធារណៈ ជាជំនាញដែលសិក្សាទៅលើវិស័យសាធារណៈ និងជាផ្នែកមួយនៃអាជីព ដែលលោកនឹងធ្វើនាពេលអនាគតផងដែរ។ ការសិក្សាជំនាញទាំងពីរនេះ ជាឱកាសបន្ថែម ទៅលើសមត្ថភាព និងចំណេះដឹងនៅក្នុងវិស័យសាធារណៈ ជាពិសេសជំនាញទាំងពីរនេះ ជួយបំពេញឱ្យគ្នាទៅវិញទៅមក។

ជាមួយគ្នានេះដែរ អំឡុងពេលលោកសិក្សាថ្នាក់បរិញ្ញាបត្រ នៅក្នុងឆ្នាំ២០១៤-២០១៦ លោកបានបំពេញការងារជា អ្នកសម្របសម្រួល និងបម្រើសេវាអតិថិជន នៅក្នុងក្រុមហ៊ុនឯកជន។ ក្រោយពេលលោកឈប់បំពេញការងារ នៅក្នុងក្រុមហ៊ុនឯកជន នៅចុងឆ្នាំ២០១៦ សាលវិទ្យាល័យវេស្ទើន បានផ្ដល់ឱកាសឱ្យលោកធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស សម្រាប់កម្មវិធីបំពេញបន្ថែម ដល់និស្សិតនៅឆ្នាំមូលដ្ឋាន និងនិស្សិតឆ្នាំទី២។

លោក ហុងសេង បានបន្ដទៀតថា អំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រ ទាំងពីរនៅក្នុងឆ្នាំទី៣ លោកបានប្រឡងចូលសាលាភូមិន្ទរដ្ឋបាល ជាមន្ត្រីសិស្សក្រមការ។ ក្រោយបញ្ចប់ការសិក្សា រយៈពេលមួយឆ្នាំ ជាមន្ត្រីសិស្សក្រមការ នៅឆ្នាំ២០១៧ លោកក៏បានប្រឡងចូលសិក្សា វគ្គសិស្សមន្ត្រីជាន់ខ្ពស់ រយៈពេលពីរឆ្នាំ នៅសាលាភូមិន្ទរដ្ឋបាល។ ស្របពេលជាមួយគ្នានេះ លោកក៏បានបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច និងបានបញ្ចប់ការសិក្សាក្នុងពេលដំណាលគ្នា នៅក្នុងឆ្នាំ២០២០។

លោក សន ហុងសេង ទទួលសញ្ញាបត្រ បញ្ចប់ការសិក្សាពីសាលាភូមិន្ទរដ្ឋបាល

ការដែរលោកជ្រើសរើសសិក្សាបន្ថែមទៀតនៅសាលាភូមិន្ទរដ្ឋបាល គឺការពង្រឹងសមត្ថភាព និងការទទួលស្គាល់កាន់តែទូលាយទៅលើសមត្ថភាពជំនាញរដ្ឋបាលសាធារណៈ ពិព្រោះសាលាភូមិន្ទរដ្ឋបាលជាគ្រឹះស្ថានអប់រំ មានមុខវិជ្ជារដ្ឋបាលសាធារណៈ ដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល ជាការបណ្ដុះបណ្ដាលកម្រិតខ្ពស់ សម្រាប់មន្ដ្រីរាជការនៅក្នុងវិស័យសាធារណៈ មុននឹងចេញទៅបំពេញការងារ។

លោក ហុងសេង បានបន្ថែមថាអំឡុងពេលសិក្សានៅសាលាភូមិន្ទរដ្ឋបាល លោកក៏បានអនុវត្តការងារមួយចំនួន នៅក្នុងវិស័យសាធារណៈ។ លោកបានអនុវត្តការងារផ្ទាល់ និងកាន់តែស៊ីជម្រៅ នៅក្រោយបញ្ចប់ការសិក្សា និងបានចុះកម្មសិក្សារយៈពេល ០៦ខែ នៅអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។

ក្រោយបញ្ចប់ការសិក្សាដោយពិន្ទុខ្ពស់ លោកបានទទួលសិទ្ធិក្នុងការជ្រើសរើសប៉ុស្ដិ៍ទៅបំពេញការងារ។ នៅពេលនៅលោក បានស្នើសុំទៅបំពេញការងារនៅក្រសួងមហាផ្ទៃ ប៉ុន្ដែក្រោយលោកបានជ្រើសរើសទៅក្រសួងមហាផ្ទៃ លោកបានស្នើសុំថ្នាក់ដឹកនាំ ដើម្បីមកបំពេញការងារនៅរដ្ឋបាលថា្នក់ក្រោមជាតិ នៃសាលាខេត្ដកណ្ដាល។

លោក សន ហុងសេង នៅពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពីសាកលបិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

បន្ទាប់ពីលោកលត់ដំខ្លួន និងបំពេញការងារនៅក្នុងក្របខណ្ឌជាមន្ត្រីសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងកម្រិតរដ្ឋបាលខេត្ត និងស្រុក ហើយនៅពេលលោកមានបទពិសោធន៍គ្រប់គ្រាន់ និងចំណេះដឹងទូលំទូលាយ ទៅលើការងារថ្នាក់ក្រោមជាតិ លោកនឹងត្រឡប់ទៅទីស្ដីការក្រសួងមហាផ្ទៃវិញ ដើម្បីចូលរួមនៅក្នុងការងារដាក់ចេញនូវគោលនយោបាយ ផែនការ យុទ្ធសាស្ដ្រ និងសេចក្ដីណែនាំផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងស្ថានភាព របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងដើម្បីធានានៃប្រសិទ្ធភាពនៃការដាក់ចេញគោលនយោបាយទាំងនោះ។

លោក សុងហេង បានបន្ថែមទៀតថា ក្នុងនាមជាយុជនមួយរូប និងការសិក្សាស្វែងយល់ជាច្រើន ទៅលើការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ លោកគិតថាជាយុវជនដែលពេញកម្លាំង ដូច្នេះលោកចង់ធ្វើការឱ្យកាន់តែសកម្ម ទៅលើការអនុវត្ដគោលនយោបាយ ឬយុទ្ធសាស្ត្រផ្សេងៗ ដែលដាក់ចេញដោយរដ្ឋាភិបាល និងថ្នាក់ជាតិ។

គួរបញ្ជាក់ថា លោក សន ហុងសេង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រទាំងពីររបស់លោកនៅក្នុងខែសីហា ឆ្នាំ២០១៧ និង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបញ្វប់ការសិក្សាពីសាលាភូមិន្ទរដ្ឋបាល នៅឆ្នាំ២០២០។ ក្រោយបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២០ លោកបានចូលបម្រើការងារជាមន្រ្ដីរាជការ ថ្នាក់ក្រោមជាតិ នៅសាលាខេត្តកណ្ដាល និងត្រូវបានតែងតាំងជា អភិបាលរងនៃគណៈអភិបាលស្រុកកៀនស្វាយកាលពីថ្ងៃទី០៦ កក្កដា ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង