Cctime 6monthsfree desktop
Cc times  web banner kh (2)

«ត្រីប៉ាសាណាក»និមិត្តរូបតំបន់មេគង្គត្រូវបានរកឃើញនៅតំបន់ទន្លេមេគង្គលើ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ត្រីប៉ាសាណាក ដែលអ្នកនេសាទចាប់បាននៅអាងស្តុកទឹកវារីអគ្គិសនី សេសានក្រោម២

ភ្នំពេញ៖ ត្រីប៉ាសាណាក កាលពីថ្ងៃទី២៨ ខែមិថុនា ត្រូវអ្នកនេសាទម្នាក់ចាប់បាន នៅផ្នែកខាងលើនៃអាងស្តុកទឹកវារីអគ្គិសនី សេសានក្រោម២។ ត្រីប៉ាសាណាក ដែលអ្នកនេសាទចាប់បាន មានទម្ងន់ ៦ គីឡូក្រាម មានស្តង់ដាដងខ្លួនប្រវែង ៧៤ សង់ទីម៉ែត្រ និងប្រវែងដងខ្លួនសរុប ៨៨ សង់ទីម៉ែត្រ។ នេះមិនមែនជាលើកទីមួយឡើយ ដែលអ្នកនេសាទ ចាប់បាន ត្រីប៉ាសាណាក នៅកម្ពុជា។

ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ អ្នកនេសាទក្នុងប្រទេសកម្ពុជា មិនធ្លាប់ចាប់បាន «ត្រីប៉ាសាណាក» ទេ។ អ្នកនេសាទភាគច្រើនបានគិតថា ត្រីប្រភេទនេះបានវិនាសផុតពូជពីតំបន់មេគង្គ ជាពិសេស ពីទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា ទៅហើយ។ ប៉ុន្ដែកាលពីថ្ងៃទី ២៨ ខែមិថុនា ត្រីប៉ាសាណាក មួយក្បាល ទម្ងន់ ៦ គីឡូក្រាម មានស្តង់ដាដងខ្លួនប្រវែង ៧៤ សង់ទីម៉ែត្រ និងប្រវែងដងខ្លួនសរុប ៨៨ សង់ទីម៉ែត្រ ត្រូវអ្នកនេសាទម្នាក់ចាប់បាន នៅផ្នែកខាងលើនៃអាងស្តុកទឹកវារីអគ្គិសនី សេសានក្រោម២។

ត្រីប្រភេទនេះ ត្រូវបានចាត់ទុកថា ត្រីសាលម៉ុនយក្ស មានឈ្មោះជាភាសាអង់គ្លេស Giant salmon carp និងឈ្មោះវិទ្យាសាស្រ្ត (Aaptosyax grypus) ។ ត្រីប៉ាសាណាក (Aaptosyax grypus) គឺជាប្រភេទត្រីប្លែកពីប្រភេទត្រីដទៃ ដែលរស់នៅក្នុងអន្លង់ទឹកជ្រៅ ក្នុងទន្លេមេគង្គ នៅភាគកណ្តាលប្រទេសថៃ និងឡាវ។ នៅកម្ពុជា ត្រីប៉ាសាណាក មានរស់នៅក្នុងទន្លេមេគង្គផ្នែកខាងលើ នាខេត្តក្រចេះ និងស្ទឹងត្រែង។

លោកបណ្ឌិត ឆៃវុត គ្រុឌផាន់ មកពីនាយកដ្ឋានជលផល នៃសាកលវិទ្យាល័យ អូប៊ុន រ៉ាតចាថានី ក្នុងប្រទេសថៃបានមានប្រសាសន៍ថា ត្រីប៉ាសាណាក គឺជាប្រភេទត្រីកម្រ និងជិតផុតពូជ ដែលស្ថិតនៅក្រោមការស្រាវជ្រាវ ហើយចំនួនរបស់វាទៀតសោត ក៏ត្រូវបានកត់ត្រាតិចតួចបំផុត ព្រោះវាជាប្រភេទត្រីគោលដៅរបស់អ្នកនេសាទ។

លោក ចាន់ សុខហេង អនុប្រធានការិយាល័យស្រាវជ្រាវបច្ចេកវិទ្យាជលផល របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍជលផលទឹកសាប នៃរដ្ឋបាលជលផលបានមានប្រាសន៍ថា លើកទី១ អ្នកនេសាទចាប់បាន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ទម្ងន់២០គីឡូក្រាម នៅក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីសេសានក្រោម២។ លើកទីពីរនេះ អ្នកនេសាទចាប់បាន កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ទម្ងន់ ៦ គីឡូក្រាម ក៏នៅក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនី សេសានក្រោម២ ដែរ។

នៅក្នុងប្រទេសកម្ពុជា «ត្រីប៉ាសាណាក» មានរស់នៅតែក្នុងតំបន់មេគង្គលើ នាខេត្តក្រចេះ និងស្ទឹងត្រែង ប៉ុណ្ណោះ។ ប្រជាជនកម្ពុជា ភាគច្រើន ពុំធ្លាប់បានឃើញ និងស្គាល់វាឡើយ។ វាជាប្រភេទត្រីមានស្រកា មានមាត់រាងដូចមាត់ដង្កាប់ មានដងខ្លួនស្រឡូនទ្រវែង ប្រវែងរហូតដល់ ១៣០សង់ទីម៉ែត្រ និងទម្ងន់រហូតដល់ ៣០គីឡូក្រាម។ ត្រីប៉ាសាណាក ជាត្រីដែលរហ័សរហួន និងសកម្មក្នុងការស្វែងរកចំណី។ វាស៊ីត្រីផ្សេងៗ ជាអាហារ។ ត្រីប៉ាសាណាក គឺជាត្រីកម្រ ស្ថិតនៅក្នុងចំណាត់ថ្នាក់ជាប្រភេទត្រី «កំពុងរងគ្រោះថ្នាក់ឈានទៅវិនាសផុតពូជ» ក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List៕

ត្រីប៉ាសាណាក ដែលអ្នកនេសាទចាប់បាននៅអាងស្តុកទឹកវារីអគ្គិសនី សេសានក្រោម២


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: ត្រីប៉ាសាណាក
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង