
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអនុសាសន៍មួយចំនួន ដើម្បីបន្តពង្រឹងការអភិវឌ្ឍវិស័យទេសចរផ្ទៃក្នុង ជាពិសេសជំរុញសន្ទុះនៃវិស័យនេះ ឱ្យកាន់តែល្អប្រសីរឡើងវិញ ។ ការប្រកាសដាក់ចេញអនុសាសន៍នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។
សម្តេច ហ៊ុន សែន បានដាក់ចេញនូវអនុសាសន៍មួយចំនួន ដើម្បីបន្តពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេសជំរុញសន្ទុះនៃវិស័យនេះ ឱ្យប្រសីរឡើងវិញ រួមមាន ៖
១- ត្រូវធានានូវការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ក្នុងនោះក្រុមការងារ រាជរដ្ឋាភិបាល និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការអនុវត្តក្របខណ្ឌ និងយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យទេសចរណ៍ ព្រមទាំងយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញ ក្នុងការជំរុញសន្ទុះនៃវិស័យទេសចរណ៍ ។ ក្រសួងទេសចរណ៍ត្រូវបន្តតាមដាន និងវិភាគស្ថានភាពវិស័យ ទេសចរណ៍កម្ពុជា តំបន់ និងសកលលោកឱ្យបានជាប់ជាប្រចាំ ។
២- បន្តជំរុញការស្តារឡើងវិញនៃវិស័យទេសចរណ៍ ដោយបន្តអនុវត្តកម្មវិធីគាំពារអាជីវកម្មទេសចរណ៍ តាមរយៈការផ្តល់ការអនុគ្រោះផ្នែកសារពើពន្ធ កម្មវិធីសហហិរញ្ញប្បទាន និងកម្មវិធីផ្តល់ការធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា។
៣- បង្កើនភាពទាក់ទាញគោលដៅកម្ពុជា សម្រាប់ទីផ្សារ ទេសចរណ៍ជាតិ និងអន្តរជាតិ តាមរយៈ បន្តពង្រឹងការអនុវត្ត វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ជំរុញពិពិធកម្មគោលដៅផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃប្រកួតប្រជែង។
៤- ពង្រឹងការអនុវត្តយន្តការអភិបាលកិច្ចទេសចរណ៍ថ្មី ដើម្បីបន្តធានានូវភាពធន់ ក្នុងវិស័យទេសចរណ៍ ដែលជា “មាសបៃតង”របស់កម្ពុជា ។
៥- បន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែខ្លាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រោមស្មារតីនៃយុទ្ធនាការ “ទស្សនាស្រុកយើង : ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី ឬ ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី” និងកិច្ចសហការជំរុញការអនុវត្ត “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣” ឱ្យមានប្រសិទ្ធភាព។
៦- ពង្រឹង និងបង្កើនលទ្ធភាពនៃការតភ្ជាប់មកកាន់កម្ពុជា ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ដើម្បីជំរុញការតភ្ជាប់ប្រភពទីផ្សារទេសចរណ៍សំខាន់ៗមកកម្ពុជា ។
៧- ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ សម្តេចបានស្នើឱ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ដាក់ចេញជាយុទ្ធនាការ ទស្សនាកម្ពុជាឆ្នាំ ២០២៣ (Visit Cambodia Year 2023) ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ។
នៅក្នុងឱកាសនោះដែរ សម្តេចនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះសមិទ្ធផលការងារសម្រេចបានដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងទេសចរណ៍ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការស្តារ និងការលើកស្ទួយ វិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។
កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ និងប្រមាណ២លាននាក់ នៅក្នុងឆ្នាំ២០២៣ នេះគឺជាលើកឡើងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ នាពេលថ្មីៗនេះ ដោយផ្អែកស្ថានភាពទេសចរណ៍ពិភពលោក បច្ចុប្បន្ន៕