Cctimesw1140xh150cm copy

កញ្ញាពេជ្រ ចរណៃ ពីក្មេងកំព្រាក្លាយជាតារាសម្តែងនិងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោខ្មែរ

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/


កញ្ញា ពេជ្រ ចរណៃ គឺជាតារាសម្តែង និងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោខ្មែរ

ភ្នំពេញ៖ កញ្ញា អុិត កន្និកា ហៅក្រៅថា កញ្ញា ពេជ្រ ចរណៃ គឺជាតារាសម្តែង និងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោខ្មែរ។ កញ្ញាមានអាយុ ២៥ឆ្នាំ ជាកូនទីពីរ នៅចំណោមបងប្អូន ០៣នាក់ និង មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ។ កញ្ញា ពេជ្រ ចរណៃ ជាក្មេងកំព្រាឪពុក តាំងពីអាយុ ០៧ឆ្នាំមកម៉្លេះ ហើយត្រូវបានបញ្ជូនទៅនៅក្នុងមជ្ឍមណ្ឌលកុមារកំព្រាប្រចាំខេត្ត។បើទោះបីជាកូនកំព្រាឪពុកតែកញ្ញាវ័យ២៥ឆ្នាំរូបនេះ បានអភិវឌ្ឍខ្លួនក្លាយជាតារាសម្ដែង និងជាគ្រូបង្ហាត់ក្បាច់គុនបុរាណខ្មែរល្បុក្កតោទៅដល់យុវជនខ្មែរ។

ក្រុមស្ម័គ្រចិត្តតែងតែហាត់គុនល្បុក្កតោ រៀងរាល់ល្ងាចថ្ងៃសៅរ៍-អាទិត្យ ទីតាំងស្ដាតចាស់


កញ្ញា ពេជ្រ ចរណៃ គឺជាតារាសម្តែង និងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោខ្មែរ

មុនក្លាយខ្លួនជាគ្រូបង្ហាត់ក្បាច់គុនបុរាណខ្មែរល្បុក្កតោ កញ្ញា អុិត កន្និកា ហៅក្រៅថា កញ្ញា ពេជ្រ ចរណៃ បានរៀបរាប់ពីដំណើរជីវិតរបស់កញ្ញាថា កញ្ញាជាកូនកំព្រាឪពុក ហើយឪពុករបស់កញ្ញា ជាទាហានកងទ័ពជើងគោកយាមនៅព្រំដែន ហើយក៏ធ្លាប់ហាត់គុនខ្មែរ ក្បាច់ដំបងវែង តែដោយសារ មានជំងឺប្រចាំកាយ ដោយសារចាញ់ទឹកដី នៅពេលចុះទៅយាមតាមព្រំដែន ការពារប្រទេសជាតិ ឪពុកកញ្ញាក៏បានទទួលមរណៈភាព។

កាលណោះកញ្ញាមានអាយុ០៧ឆ្នាំ នៅថ្ងៃចុងក្រោយដែលចរណៃនៅជាមួយឪពុក គឺឪពុកចរណីបាននាំចរណៃទៅមើលថ្ងៃលិច ហើយលើកដាក់កញ្ញាលើ កគាត់ និយាយថា«នៅពេលកូនឈរកាន់តែខ្ពស់ កូននឹងមើលឃើញកាន់តែឆ្ងាយ»។ និយាយទាំងអួលដើមករ កញ្ញាចរណៃបានបន្តទៀតថា ក្រោយឪពុកទទួលមរណៈភាព ព្រោះតែជីវភាពក្រក្រី ម្ដាយក៏បញ្ចូនចរណៃ និងប្អូនស្រីម្នាក់ទៀតអាយុ ០៣ឆ្នាំ ទៅមណ្ឌលកុមារកំព្រា។

នៅអាយុ ១៣ឆ្នាំ ចរណៃបានសម្រេចចិត្តសុំមណ្ឌលកុមារកំព្រាត្រលប់មករស់នៅជុំគ្នាជាមួយគ្រួសារវិញ និងម្ដាយដែលចាស់នៅផ្ទះវិញ។ ជាអកុសល ១ឆ្នាំក្រោយមក ម្តាយចរណៃមានជំងឺដុំសាច់ក្នុងខួរក្បាល។ បងប្រុសរបស់ចរណៃបានលួចឈប់រៀន ដើម្បីទៅធ្វើការសំណង់យកប្រាក់មកព្យាបាលម្ដាយ។ចរណៃ ក៏មិនសូវមានអារម្មណ៍រៀន ហើយថ្ងៃប្រឡងបានជួបគ្រោះថ្នាក់ចរាចរណ៍ហើយបានឈប់រៀន។ ក្រោយមក ចរណៃបានចូលធ្វើការរត់តុ។

ក្នុងពេលរត់តុ ចរណៃបានឃើញប៉ុស្តិ៍ទូរទស្សន៍បានផ្សាយរើសយកបរវរកញ្ញាឯក រួចក៏សម្រេចចិត្តដាក់ពាក្យប្រកួតព្រោះតែមាននិស្ស័យ និងចិត្តស្រលាញ់សិល្បៈផង។ ជាភ័ព្វសំណាង កញ្ញាបានទទួលជ័យលាភី ហើយបានចូលថតសម្ដែងក្នុងផលិតកម្មនានាជាបន្តបន្ទាប់។ ក្នុងវ័យ ២១ឆ្នាំ កញ្ញា ចរណៃ ក៏ត្រូវបានផលិតកម្មមួយទៀតឱ្យសម្ដែងជាតួឯកស្រី ដែលចេះហាត់ក្បាច់គុន ប្រយុទ្ធ ចេះលោត ទាត់ធាក់ ចេះបាញ់ព្រួញ។


ការតម្រូវនេះហើយបាននាំឱ្យចរណៃចាប់ចិត្តនិងក្បាច់គុនល្បុក្កតោខ្មែរ។នៅពេលសមហាត់ក្បាច់គុនល្បុក្កតោខ្មែរថ្ងៃទី១ សម្រាប់កញ្ញាផ្ទាល់ពិតជាពិបាកខ្លាំងណាស់ ត្រូវបញ្ចេញសកម្មភាពស្វាហាប់មានអត្តចរិតដូចមនុស្សប្រុស លើកដៃជើងច្រងើងច្រងាង តែនៅមានភាពខ្មាសអៀន ព្រោះការហាត់ល្បុក្កតោសុទ្ធតែជាមនុស្សប្រុស ពេលនោះមានតែខ្លួនម្នាក់គត់ជាស្រីដែលសមរៀនហាត់គុនល្បុក្កតោ។

បន្ទាប់ហាត់បាន ០១ខែ លោកគ្រូបង្ហាត់ល្បុក្កតោ ពន្យល់អំពីប្រវត្តិសាស្រ្ត ក្បាច់គុនល្បុក្កតោខ្មែរមានតាំងពីពេលណា និងដំណើរការហាត់តាមជំហាននីមួយៗយ៉ាងណា ហើយបុព្វបុរសរូបណាដែលបង្កើតក្បាច់គុននេះ។ចរណៃបានចាប់ផ្តើមចាប់អារម្មណ៍គុនល្បុក្កតោ។


ប្រភព៖ កញ្ញា ពេជ្រ ចរណៃ គឺជាតារាសម្តែង និងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោខ្មែរ

កញ្ញា ចរណៃ និយាយ៖« នៅពេលខ្ញុំកាន់តែស្ដាប់ ខ្ញុំកាន់តែយល់ ហើយមានអារម្មណ៍ថា ហេតុអ្វីបានជាក្នុងនាមជាកូនខ្មែរម្នាក់ដែរ តែខ្ញុំមិនដឹងច្បាស់ពីវប្បធម៌ខ្លួន និងក្បាច់គុនល្បុក្កតោខ្មែរបែបនេះ ទាំងដែលក្បាច់គុននេះពិតជាមានអត្ថន័យធំធេងណាស់ តាំងពីសម័យបុរាណកាលមកបន្សល់ពីបុព្វបុរសខ្មែរ»។

ទោះបីជាថតរឿងចប់ក៏ដោយ កញ្ញានៅតែតាំងចិត្តមុះមុតនឹងបន្តហាត់ក្បាច់គុនល្បុក្កតោនេះបន្តទៀត ហើយហាត់ពិបាក មានស្នាមជាំ និងឈឺខ្លួនក៏ដោយ កញ្ញានៅតែមានឆន្ទៈមួយគិតថា ខ្លួនត្រូវតែបន្តការហាត់នូវក្បាច់គុនខ្មែរ ដើម្បីពេលដែលខ្លួនចេះ នឹងអាចចែករំលែកចំណេះដឹង និងអាចបណ្ដុះបណ្ដាលក៏ដូចជាផ្សព្វផ្សាយទៅយុវជនខ្មែរជំនាន់ក្រោយដែលមិនមានឱកាសឱ្យបានស្គាល់ និងចេះហាត់នូវក្បាច់គុនរបស់ជាតិខ្លួនកាន់តែច្បាស់។

បើតាមចរណៃ ហាត់ក្បាច់គុនល្បុក្កតោខ្មែរ វានឹងជាប្រយោជន៍ច្រើនដល់សង្គម ជួយដល់សិល្បះវប្បធម៌ខ្មែរ ហើយជាពិសេសពួកគាត់អាចការពារខ្លួនឯងបាន សុខភាពល្អរាងកាយរឹងមាំ និងស្មារតីរឹងប៉ឹង ដូចជាមនុស្សស្រី បច្ចុប្បន្នពិតជាមានសេចក្ដីក្លាហានច្រើនជាមុន ហើយយុវតីដែលបានហាត់ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល ក្បាច់គុនល្បុក្កតោខ្មែរនេះក្លាយជាគំរូដល់យុវតីពីមួយជំនាន់ទៅមួយជំនាន់តាមរយៈការហាត់រៀនសិល្បះខ្មែរគ្រប់ទម្រង់។

កញ្ញា ចរណៃ បានអះអាងថា «ជាការពិតណាស់ បងប្អូនស្រីៗ មិត្តនារីៗ តែងតែប្រាប់ខ្ញុំថា ពួកគាត់មិនហ៊ានហាត់ទេ ព្រោះភាគច្រើនអ្នកស្រុកនិយាយថា ពេលមនុស្សស្រីចេះហាត់ក្បាច់គុន គ្មានមនុស្សប្រុសហ៊ានស្រលាញ់ វាអាចប៉ះពាល់ដល់សុខភាព ឬខ្លាចអ្នកជុំវិញខ្លួនមើលងាយ លេបខាយ លេងសើច នានា ព្រោះតែខ្លួនជាមនុស្សស្រី។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ គឺមានតែលើកទឹកចិត្តណាស់ដល់មិត្តនារី យុវតីគ្រប់ៗរូប សូមឱ្យពួកគាត់ព្យាយាមគិតក្នុងន័យវិជ្ជមាន ព្រោះជាក់ស្ដែង ពីដើមឡើយ ខ្ញុំក៏ធ្លាប់ជាមនុស្សស្រីម្នាក់មិនដែលចេះក្បាច់គុនដូចគ្នា អាចអភិវឌ្ឍខ្លួនបានក្លាយជាគ្រូបង្វឹកម្នាក់ផងដែរ ហើយទាំងពេលនោះមានតែខ្លួនជាមនុស្សស្រីតែឯងទៀតដែលបានហាត់ ហើយក៏បានឆ្លងកាត់នូវពាក្យរិះគន់ ការមើលងាយ ការបំបាក់ទឹកចិត្ត ទន្ទឹមនឹងនេះខ្ញុំអត់ដែលខ្វល់ពីសម្ដីអ្នកក្រៅឡើយ សំខាន់ខ្ញុំដឹងខ្លួនច្បាស់ថា ខ្ញុំស្គាល់នូវគោលដៅពិតប្រាកដថាខ្ញុំចង់ធ្វើអ្វី កំពុងធ្វើអ្វី ហើយត្រូវសម្រេចកិច្ចការអ្វី គឺដើម្បីផ្សព្វផ្សាយ ថែរក្សាវប្បធម៌ជាតិ និងបណ្ដុះបណ្ដាលយុវជនឱ្យបានស្គាល់ និងចេះនូវក្បាច់គុនបុរាណខ្មែរល្បុក្កតោ»។

ក្នុងនាមជាសិល្បះការិនី និងជាអ្នកស្រលាញ់ អភិរក្សសិល្បះវប្បធម៌ជាតិខ្មែរ កញ្ញា ពេជ្រ ចរណៃ សំណូមពរទៅដល់ក្រសួងវប្បធម៌ក្នុងការជួយដាក់បញ្ចូលនូវការអប់រំយុវជនខ្មែរអំពីទម្រង់សិល្បះខ្មែរគ្រប់ ជួយធ្វើយ៉ាងណាឱ្យមានការផ្សព្វផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍។

ពេជ្រ ចរណៃ បានលើកទឹកចិត្តយុវតីយុវជន កូនខ្មែរគ្រប់ជំនាន់ទាំងអស់ ស្រលាញ់សិល្បះខ្មែរ មានមនសិការហាត់រៀននូវសិល្បះខ្មែរគ្រប់ទម្រង់តាមចំណង់ចំណូលចិត្ត ដូចជាក្បាច់គុនបុរាណខ្មែរល្បុក្កតោមួយផ្នែកផងដែរដោយព្យាយាមបណ្ដុះស្មារតីស្នេហាជាតិ ដូចជាការសិក្សាររៀនសូត្រ ការចូលហាត់រៀន អំពីសិល្បះ ក៏ដូចជាមកចូលរួមហាត់គុនខ្មែរ រួមជាមួយការហាត់ល្ខោនខោលខ្មែរ។ បើសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់ហាត់គុនល្បុក្កតោខ្មែរ និងល្ខោនខោលខ្មែរ ពួកគាត់អាចមកទីតាំងស្តាតចាស់ ជិតរង្វង់មូលស្ពានជ្រោយចង្វា ឬក៏អាចទាក់ទងតាមលេខទូរសព្ទ ០៩៦ ៩២៦ ៧៧៧៧៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង