ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ៨ កក្កដានេះ បានដឹកនាំក្រុមការងារជម្រុះខេត្តចុះរុះរើសទីតាំងរបស់លោក ឡាវ ម៉េងឈាង ដែលបានសាងសង់រំលោភលើដីព្រៃលិចទឹក និង ព្រៃកោងកាងរបស់រដ្ឋចំនួន៤ហិកតាដែលស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ការចុះអនុវត្តរុះរើសនេះ ធ្វើឡើងក្រោយពីរដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យឃើញថា បុគ្គលរូបនេះ បានបំពានកិច្ចព្រមព្រៀងជាមួយរដ្ឋបាលខេត្តព្រះសីហនុដែលបានចុះរួមគ្នាកាលពីថ្ងៃទី ១៣ សីហា ឆ្នាំ២០២១។
ក្រុមការងារចម្រុះខេត្តព្រះសីហនុដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត បានចុះទៅដល់ទីតាំងនៅម៉ោងប្រហែលជិត១០ព្រឹកថ្ងៃនេះ និង បានអានខ្លឹមសារលិខិតជូនទៅ លោក ឡាវ ម៉េងឈាង ដើម្បីបានស្តាប់ និង ណែនាំអំពីយន្តការការងារដែលត្រូវអនុវត្តលើទីតាំងដីខាងលើរួមមាន៖ ការឈូសឆាយ ពង្រាបដី និង រុះរើសំណង់ និង ការ្យផ្សេងៗលើទីតាំងដី ដើម្បីរៀបចំដាំព្រៃកោងកាងឡើងវិញ។
លោក ឡាវ ម៉េងឈាង បានឯកភាពប្រគល់ទីតាំងដីដែលលោកធ្លាប់គ្រប់គ្រងចំនួន៤ហិកតាប្រគល់ជូនទៅរដ្ឋបាលខេត្ត ដើម្បីគ្រប់គ្រង និងកាន់កាប់ឡើងវិញ ដោយពុំមានការតវ៉ាអ្វីឡើយ។ប៉ុន្តែលោក ឡាវ ម៉េងឈាង ស្នើសុំក្រុមការងារ ធ្វើការឈូសឆាយដីនៅផ្អែកខាងលិចដែលមិនមានស្រះត្រី ជាមុន និងសុំរយៈពេល ២៩ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីទុកពេលឱ្យលោកប្រមូលទិន្នផលត្រីសិន។លោក ឡាវ ម៉េង ឈាង ទទួលស្គាល់ថាទីតាំងដីដែលលោកបានឈូសឆាយ និងគ្រប់គ្រងកន្លងមកនេះពិតជាដី ស្ថិតនៅក្នុងដែនអភិរក្សព្រៃលិចទឹករបស់រដ្ឋប្រាកដមែន។
សូមបញ្ជាក់ថា ក្រោយពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២៨ មិថុនា ឆ្នាំ២០២១ បានសម្រេចបង្កើតក្រុមការងារជម្រុះ ដើម្បីសិក្សាស្រាវជ្រាវករណីការកាប់ឆ្ការ ឈូស ឆាយដី ព្រៃលិចទឹក និងព្រៃកោងកាង ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ជាលទ្ធផលរដ្ឋបាលខេត្តព្រះសីហនុ បានរកឃើញថា បុគ្គលរូបនេះ បានរំលោភលើដីកម្មសិទ្ធិរបស់រដ្ឋចំនួន៤ហិកតា ព្រៃលិចទឹក និងព្រៃកោងកាងជារបស់រដ្ឋ។
ច្បាប់ស្ដីពីជលផលឆ្នាំ ២០០៦ ត្រង់មាត្រា៩៨ ចែងថា ត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី១ដែលនឹងត្រូវដាក់ពន្ធនាគារពី ៣ ទៅ ៥ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល និងដកហូតកិច្ចព្រមព្រៀង ឬលិខិតអនុញ្ញាត ចំពោះជនណាដែលបានកាប់ឆ្ករគាស់រាន ឈូសឆាយព្រៃលិចទឹក និង ព្រៃកោងកាង ឬហ៉ំមព័ទ្ធកាន់កាប់ព្រៃលិចទឹក និង ព្រៃកោងកាង។ចំពោះជនណាដែលប្រព្រឹត្តិបទល្មើសថ្នាក់ទី១ចាប់ពី២ដងឡើងទៅ ត្រូវផ្តន្ទាទោសទ្វេដងនៃបទល្មើសជលផលថ្នាក់ទី១នៃមាត្រានេះ៕