ភ្នំពេញ៖ លោក សួនម៉ៃ សុផានិត ជាអ្នកបង្កើតពុម្ពអក្សរខ្មែរឈ្មោះ «Kh Phanith Bobble» ដែលដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់សិស្ស និងនិស្សិត។ លោកបានចាប់ផ្ដើមជា អ្នករចនាពុម្ពអក្សខ្មែរ តាំងពីឆ្នាំ២០១៥មកម្លេះ។ លោក សុផានិត ក៏ជាអតីតនិស្សិតជំនាញព័ត៌មានវិទ្យា (IT) នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ផងដែរ។
តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោក សួនម៉ៃ សុផានិត បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ពីវិទ្យាល័យបាក់ទូក នៅក្នុងឆ្នាំ២០១៦។ ក្រោយបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ លោកបានបន្ដការសិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ជំនាញព័ត៌មានវិទ្យា និងបានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ២០២១។
លោក សុផានិត បានឱ្យដឹងថា ដោយមើលឃើញថាអ្នករចនាពុម្ពអក្សរខ្មែរមានចំនួនតិច និងមានចំណូលចិត្តខាងរចនា ក៏ចាប់ផ្ដើមការរចនាពុម្ពអក្សរខ្មែរជាមួយសិស្សច្បង ដែលគាត់ជាអ្នករចនាពុម្ពអក្សរខ្មែរដែរ។ លោកបានចាប់ផ្ដើមធ្វើជាអ្នករចនាពុម្ពអក្សរខ្មែរ តាំងពីឆ្នាំ២០១៥ មកម្លេះ។ កាលពីពេលថ្មីៗនេះ លោក សុផានិត ក៏បានដាក់ឱ្យប្រើប្រាស់ពុម្ពអក្សរខ្មែរឈ្មោះ «Kh Phanith Bobble» ដោយឥតគិតថ្លៃសម្រាប់សិស្ស និងនិស្សិតផងដែរ។
លោក សុផានិត បានឱ្យដឹងទៀតថា តាមរយៈការរចនាពុម្ពអក្សរខ្មែរនេះ លោកគ្រាន់តែសង្ឃឹមថា មានការលើកចិត្តពី អ្នកប្រើប្រាស់ដូចជា ក្រុមហ៊ុន ដែលមានលទ្ធភាពក្នុងការ ស្នើសុំសិទ្ធ ក្នុងកញ្ចប់ថវិការណាមួយ ក្នុងការប្រើប្រាស់ពុម្ពអក្សរខ្មែរនេះ ប៉ុន្ដែក៏មានការដាក់ឱ្យប្រើប្រាស់ដោយសេរី និងឥតគិតថ្លៃ សម្រាប់សិស្សនិស្សិត និងការប្រើប្រាស់មិនមែនក្នុងអាជីវកម្ម។
លោក សុផានិត បានបន្ដថា ការគាំទ្រពីអ្នកប្រើប្រាស់ពុម្ពអក្សរខ្មែរនៅមានកម្រិត ដែលធ្វើឱ្យសិស្សច្បងធ្វើការនេះ បានបោះបង់ចោលការពុម្ពអក្សរខ្មែរ ដោយសារការពុម្ពអក្សរខ្មែរ ត្រូវការពេលវេលាយ៉ាងតិច ១-៣ខែ និងត្រូវប្រើប្រាស់ធនធាន និងសម្ភារៈដោយខ្លួនឯង ដែលធ្វើឱ្យអ្នករចនាពុម្ពអក្សរខ្មែរ មិនអាចបន្ដទៅមុខបាន។
ជាមួយគ្នានេះ លោក សុផានិត បានបន្ថែមទៀតថា លោកអាចបន្ដការងារជាអ្នករចនាពុម្ពអក្សរខ្មែរបាន ដោយសារលោកមិនរំពឹងពីអត្ថប្រយោជន៍ពីការងារនេះខ្លាំងពេក ម្យ៉ាងវិញទៀត លោកក៏មានការងារផ្សេងៗទៀត ដែលត្រូវធ្វើផងដែរ៕