កំពង់ស្ពឺ៖ ក្រុមម្ចាស់ឡានដឹកដីដែលកែចង្កូតពីស្ដាំមកឆ្វេង និង បង់ពន្ធរួច កើតទុក្ខមិនសុខចិត្ត ហើយទាមទារឲ្យអនុវត្តន៍ឲ្យស្មើរភាពទាំងអស់គ្នា ដោយមិនត្រូវលើកលែងចំពោះអ្នកមិនកែចង្កូតឡើយ។ការតវ៉ានេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីដ្ឋាភិបាលកម្ពុជាអនុគ្រោះដល់រថយន្តដែលមានចង្កូតស្តាំឲ្យបង់ពន្ធជូនរដ្ឋធម្មតាដោយពុំបាច់កែចង្កូតមកឆ្វេង។
ក្រុមអ្នករត់ឡានធំៗជាច្រើនគ្រឿន បាននាំគ្នាប្រមូលផ្តុំបិទផ្លូវនៅម្ដុំផ្សារថ្នល់ទទឹង ផ្លូវជាតិលេខ៤ ព្រំប្រទល់ខេត្តកណ្ដាល តវ៉ាដែលមានចេតនាច្រណែនម្ចាស់រថយន្តចង្កូតស្តាំដែលពុំទាន់កែមកឆ្វេងនោះត្រូវបានសម្តេចលើកលែងដល់ម្ចាស់រថយន្ដចង្កូតស្ដាំដែលមានស្រាប់ មិនបាច់កែចង្កូតមកឆ្វេងនោះទេ ពោលគ្រាន់តែបំពេញកាតព្វកិច្ចបង់ពន្ធជាការស្រេច។

ក្រុមអ្នករត់រថយន្តធំៗនាំគ្នាតវ៉ាយកឡានធំៗបិទផ្លូវផ្សារថ្នល់ទទឹង ផ្លូវជាតិលេខ៤ ដែលបង្កការកកស្ទះជាខ្លាំងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវនោះ។ក្រុមអ្នកតវ៉ា ចង់ឲ្យម្ចាស់រថយន្តដែលមានចង្កូតស្តាំត្រូវតែកែមកឆ្វេងជាដាច់ខាត ពោលគឺត្រូវកែដូចពួកគាត់អញ្ចឹងហើយបង់ពន្ធចូលរដ្ឋធម្មតាដូចពួកគាត់ទើបក្រុមអ្នកតវ៉ាសុខចិត្ត។
សូមជម្រាបជូនថា សម្តេច ហ៊ុន សែន នៅថ្ងៃទី០៦ កក្កដា ម្សិលមិញនេះ ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) សម្ដេចនាយករដ្ឋមន្ត្រី បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំ អាចបង់ពន្ធ ដោយមិនចាំបាច់ប្ដូរចង្កូត ដូច្នេះអ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់៕