
ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២២ រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ចំនួន ១ ៦៤៣ គ្រឿង ត្រូវបានផាកពិន័យក្នុងទឹកប្រាក់សរុបប្រមាណ ២,៨ ពាន់លានរៀល ក្នុងនោះរថយន្តចំនួន២២០គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ លើសពី២០% នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុកចំនួនមួយឆ្នាំ។ នេះបើតាមរបាយការណ៍ក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងឆមាសទី១ ឆ្នាំ២០២២ ការអនុវត្តការងារលើការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ទទួលបានលទ្ធផលដូចតទៅ៖ ត្រួតពិនិត្យយានយន្តសរុបចំនួន ១ ៨៣១ ៣៧៤ គ្រឿង ក្នុងនោះ រថយន្តដឹកមិនលើសទម្ងន់មានចំនួន ១ ២៣០ ០១០ គ្រឿង រថយន្តដឹកលើសទម្ងន់ក្នុងកម្រិតអនុគ្រោះមានចំនួន ៥៩៩ ៧២១គ្រឿង រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ដែលត្រូវបានផាកពិន័យមានចំនួន ១ ៦៤៣ គ្រឿង ពិន័យទឹកប្រាក់សរុបប្រមាណ ២,៨ ពាន់លានរៀល។
ក្នុងចំណោមរថយន្ត ១ ៦៤៣ គ្រឿង ដែលបានផាកពិន័យ មានរថយន្តចំនួន ២២០ គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ លើសពី២០% នៃទម្ងន់អនុញ្ញាតត្រូវផាកពិន័យ និងឃាត់ទុករយៈពេលមួយឆ្នាំ ដោយយោងតាមច្បាប់ផ្លូវថ្នល់មាត្រា ៦០៕