
ភ្នំពេញ៖ គិតមកត្រឹមពេលនេះ ការរៀបចំគំនូសប្លង់លម្អិត គេហទំព័រគ្រប់គ្រងព័ត៌មាន និងទិន្នន័យ នៃគម្រោងអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) សម្រេចបាន ៧០%ភាគរយហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។
បើតាមសេចក្តីប្រកាស កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរមតិយោបល់ ក៏ដូចផ្តល់ធាតុចូលសំខាន់ៗបន្ថែមដល់ការអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) មុននឹងដាក់ដំណើរការឱ្យប្រើប្រាស់ជាផ្លូវការ។
ការរៀបចំអភិវឌ្ឍមុខងារថ្មីនេះ ដើម្បីពង្រឹងគុណភាពផ្លូវតាមស្តង់ដារបច្ចេកទេស និងធានាដល់ការគ្រប់គ្រងការអនុវត្តការងារត្រួតពិនិត្យគុណភាពបច្ចេកទេសជួសជុល ថែទាំ និងសាងសង់ផ្លូវ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងផ្ដល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំក្រសួងក្នុងការតាមដានការងារគុណភាពផ្លូវតាមរយៈការងារត្រួតពិនិត្យគុណភាព។ នេះបើតាមសេចក្តីប្រកាស៕

