Yearendyearend1140x150

កូនត្រី និងត្រីមេពូជប្រមាណ«១លានក្បាល»ត្រូវលែងនៅអាងទឹកត្រពាំងថ្មក្នុងទិវាមច្ឆជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បន្ទាយមានជ័យ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនត្រី និងត្រីមេពូជប្រមាណ ១លានក្បាលដែលត្រូវលែងនាថ្ងៃនៃទិវាមច្ឆជាតិរួមមាន៖ ប្រភេទត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីប្រា និងត្រីកន្ធរ រួមទាំងប្រភេទវារីសត្វជិតផុតពូជមានដូចជាត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែបជាដើម។ ក្រៅតែពីលែងកូនត្រី និងត្រីមេពូជហើយ កម្មវិធីនេះក៏មានការលែងកូនបង្កងទឹកសាបជាថ្មី ប្រមាណ ២០ម៉ឺនក្បាលបន្ថែមទៀតផងដែរ។

ក្នុងថ្ងៃប្រារព្ធទិវាមច្ឆជាតិ សម្តេច ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា វត្តមានរបស់សម្តេចនៅអាងត្រពាំងថ្មនាពេលនេះ គឺជាវត្តមានលើកទី២ហើយ ខណៈលើកទី១ សម្តេច បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការអាងនេះ បន្ទាប់ពីជួសជុល និងកែលំអររួចរាល់ កាលពីអំឡុងខែមីនា ឆ្នាំ២០០៦។

សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការព្រលែងកូនត្រី និងត្រីមេពូជនាថ្ងៃនេះ គឺជារឿងល្អមួយសម្រាប់បង្កើនផលត្រីសម្រាប់ប្រជាពលរដ្ឋ ហើយការលែងត្រីមិនមែនធ្វើតែក្នុងទិវាមច្ឆជាតិ១កក្កដានោះទេ គឺអាចធ្វើរាល់ថ្ងៃ អោយតែមានកន្លែងព្រលែង(ទឹក) និងមានពូជត្រីសម្រាប់ព្រលែង។ ការដាំកូនឈើក៏ដូចគ្នាដែរ មិនមែនធ្វើតែនៅក្នុងរុក្ខទិវា៩កក្កដានោះទេ គឺអាចធ្វើបានរាល់ថ្ងៃ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង