
មន្ត្រីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) ប្រចាំនៅខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ នាថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០២២ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានដឹកនាំកម្លាំងជំនាញធ្វើការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ តាមបណ្តាផ្សារ ផ្ទះលក់ទំនិញ ម៉ាត ដេប៉ូចែកចាយទំនិញនានា ស្ថិតក្នុងស្រុកថាឡាបរីវ៉ាត់ ក្រុងស្ទឹងត្រែង ក្រុងប៉ោយប៉ែត និងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីបន្តកិច្ចការពារសុខុមាលភាពអ្នកប្រើប្រាស់។
យោងតាមលទ្ធផលដែលផ្តល់ដោយមន្ត្រីជំនាញ មន្ត្រីយើងបានបញ្ជូនសំណាកគំរូ ទឹកត្រី ចំនួន២គំរូ មកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគរកអនុលោមភាពលើជាតិដែក និងប្រូតេអ៉ីន ទន្ទឹមនឹងនោះបានពិនិត្យឃើញ និងដកហូត យកមករក្សាទុកនៅទីស្នាក់ការរបស់សាខានូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព និងមិនអនុលោមតាមបទដ្ឋានព័ត៌មានសរុបចំនួន ១២៤គ.ក និងទឹកខ្មេះប្រភេទ Acetic Acid Glacial ចំនួន ៤១ដប ស្មើនឹង ១៦.៤គ.ក ដោយបានធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករដែលដាក់តាំងលក់ទំនិញមិនមានអនុលោមភាព។

រូបភាព៖ មន្ត្រី ក.ប.ប