Cctimesw1140xh150cm copy

លោកតា អិក អៀម វ័យ៦២ឆ្នាំជាអ្នកជំនាញជួសជុលអង្គរបីជំនាន់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ លោកតា អិក អៀម ជាអ្នកក្រុងសៀមរាប ដែលមានវ័យ៦២ឆ្នាំ ឆ្នាំ គឺជាអ្នកជំនាញខាងដាប់ថ្មជួសជុលប្រាសាទបុរាណរយៈពេល ២៣ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៩ មកម្លេះ។ លោក អិក អៀម បានចូលរួមជួសជុលប្រាសាទជាច្រើន នៅក្នុងខេត្តសៀមរាប។ វង្សត្រកូលរបស់លោក គឺជាអ្នកដែលធ្វើការជួសជុលអង្គរ ៣ជំនាន់មកហើយ។

លោកតា អិក អៀម ឱ្យដឹងថា លោកបានធ្វើជា ជាងដាប់ថ្មជួសជុលប្រាសាទបុរាណរយៈពេល ២៣ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៩ មកម្លេះ។ មូលហេតុដែលលោកសម្រេចចិត្តចូលធ្វើជាអ្នកជួសជុលប្រាសាទបុរាណនេះ គឺដោយសារតែលោកមានចិត្តស្រឡាញ់ប្រាសាទបុរាណ ហើយក៏ចង់ធ្វើការងារថែរក្សា និងជួសជុលប្រាសាទបុរាណដែរ។

លោកតា អិក អៀម មានប្រសាសន៍បន្ដថាថា វង្សត្រកូលរបស់គាត់ ៣ជំនាន់មកហើយ គឺជាអ្នកដែលធ្វើការជួសជុលអង្គរ។ ម្យ៉ាងវិញទៀត កាលពីកុមារ លោកធ្លាប់តាមឪពុករបស់លោក មកធ្វើការងារជួសជុលប្រាសាទ ដែលបានធ្វើឱ្យអារម្មណ៍របស់លោកតាដក់ជាប់ក្នុងចិត្ត រហូតដល់រូបលោកបានក្លាយជាអ្នកជួសជុលប្រាសាទបុរាណដូចជាបុព្វបុរសរបស់លោកដែរ។

លោកតា អិក អៀម បានចូលរួមជួសជុលប្រាសាទជាច្រើន ដូចជា ជួសជុលប្រាសាទបាពួន ប្រាសាទតាព្រហ្ម ស្រះស្រង់ ជួសជុលប្រាសាទអង្គរវត្ត ប្រាសាទមេបុណ្យខាងលិច និងប្រាសាទតានៃ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ បន្ថែមលើនេះ លោកក៏ធ្លាប់បានចូលរួមជួសជុលប្រាសាទបន្ទាយឆ្មារ ដែលស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួករបស់ខេត្តបន្ទាយមានជ័យដែរ។

នៅក្នុងការងារជួលជុលអង្គរនេះ លោកតា អិក អៀម បានប្ដេជ្ញាថា លោកនឹងបន្តធ្វើវារហូតទាល់តែរូបលោកជរាធ្វើលែងកើត។ ជាមួយនេះដែរ លោកក៏ពេញចិត្តនឹងជួយបង្ហាញបង្រៀនដល់កូនខ្មែរទាំងឡាយណាដែលចង់ចេះជំនាញឆ្លាក់ថ្ម ក្នុងការងារជួសជុលប្រាសាទ ដើម្បីត្រៀមខ្លួនឱ្យក្លាយជាអ្នកបន្តវេនទៅជំនាន់ក្រោយៗផងដែរ៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង