ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាថ្ងៃទី ២១ មិថុនានេះ បានសម្តែងនូវ អំណរគុណចំពោះកិច្ចប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់ឯកឧត្តម Christian Bergerឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។ សម្តេចថ្លែងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលបានចប់អាណត្តិការងារ។
នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេច ហ៊ុនសែន បានថ្លែងឲ្យដឹងថាសម្តេចអគុណចំពោះកិច្ចប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងអាល្លឺម៉ង់ ឱ្យកាន់តែល្អប្រសើរគួរឱ្យកត់សម្គាល់។
បើតាមឯកឧត្តម Christian Berger អគ្គរាជទូតប្រទេសអាល្លឺម៉ង់ប្រចាំកម្ពុជាមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តមពិតជារីករាយដែលបានមកបំពេញបេសកកម្មការងាររយៈពេលប្រមាណជា ៣ឆ្នាំកន្លងមកនេះ នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបានបន្តជម្រាបជូនសម្ដេចថា ក្នុងបេសកកម្មការងាររបស់ឯកឧត្តមនារយៈពេលកន្លងមកនេះ ឯកឧត្តមបានយកចិត្តទុកដាក់ខ្ពស់ទៅលើទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឯកឧត្តមបានគូសបញ្ជាក់ថា ទោះបីមានឧបសគ្គដោយជំងឺកូវីដ-១៩យ៉ាងណាក្តី តែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងអាល្លឺម៉ង់មានការរីកចម្រើន៕