
ភ្នំពេញ៖ ក្រសួងសារធារណៈការនាថ្ងៃទី ២០ ខែមិថុនាបានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៧១Cចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានប្រវែងសរុប១១៤,៦២គីឡូម៉ែត្រ សម្រេចវឌ្ឍនភាពការងារសាងសង់បាន៣៧%ហើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ពីលក្ខណៈ បច្ចេកទេសនៃការសាងសង់ផ្លូវនេះដែលក្នុងនោះរួមមាន៖ ការសិក្សាលម្អិតលើស្ថានភាពភូមិសាស្ត្រ ការលើកម្ពស់តួផ្លូវឱ្យផុតពីទឹកនៅរដូវវស្សាពេលមានទឹកជំនន់ធំ ការសាងសង់ស្ពានបើកមុខទឹកប្រវែង៤០០ ម៉ែត្រការពារទឹកហូរបុកដាច់ផ្លូវ និងគ្រឹះផ្លូវ នៅទីប្រជុំជនមានការជីកប្រឡាយទឹក និងដាក់លូបង្ហូរទឹក ដើម្បីជាមូលដ្ឋានជាក់ស្ដែងក្នុងការធានាឱ្យគុណភាពផ្លូវមានភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង។

បន្ថែមពីលើនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យក្រុមសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសសាងសង់យកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បង និងត្រូវស្រោចទឹកឱ្យបានជាប្រចាំ ដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ និងបងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនោះ។

ជាមួយគ្នានេះដែរផ្លូវជាតិលេខ៧១C គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

សូមជម្រាបជូនថាគម្រោងសាងសង់ផ្លូវជាតិលេខ៧១C មានប្រវែងសរុប១១៤,៦២គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ១៥៤+៧០០ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់ នៅគីឡូម៉ែត្រលេខ៣០+៤០០ផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដែលនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ គ្រោង បញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៤ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួត ពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ាន អាន គ្រោងចំណាយថវិកាសាងសង់ ប្រមាណ១២៩,៩៨លាន ដុល្លារអាមេរិក៕