សៀមរាប៖ គិតត្រឹមថ្ងៃទី២ មិថុនា ឆ្នាំ២០២០នេះ សណ្ឋាគារ និង ផ្ទះសំណាក់ប្រមាណជិត៤០០កន្លែងក្នុងខេត្តសៀមរាប ត្រូវបានបិទ និងព្យួរលែងដំណើរការដោយសាកូវីដ-១៩។នេះបើតាមការឱ្យដឹងរបស់លោក ង៉ូវ សេងហាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។
លោក ង៉ូវ សេងហាក់ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះសណ្ឋាគារនៅក្នុងខេត្តសៀមរាបចំនួនសរុប ២៣០កន្លែងក្នុងនោះ ព្យួរ ១៧២ បិទ១៨កន្លែង និង៤០កន្លែងដំណើរការធម្មតា។លោកថាសណ្ឋាគារទាំងអស់នោះ ៩០ភាគរយជាមានម្ចាស់ជាជនជាតិខ្មែរ និង១០ភាគរយជនជាតិបរទេស។
ដោយឡែកផ្ទះសំណាក់សរុបនៅខេត្តសៀមរាបមានចំនួន២៦១កន្លែង ក្នុងនោះផ្ទះសំណាក់៦៦កន្លែងនៅដំណើរការអាជីវកម្មតាមធម្មតា បិទ៩៦កន្លែង និងផ្អាកដំណើរការមាន៩៩កន្លែង។ ការបិទដំណើរការនេះបណ្តាលឱ្យប៉ះពាល់ដល់កម្មការចំនួន៨៥០០នាក់។លោក ង៉ូវ សេងហាក់បន្ថែម។លោកថា ការបិទ និងព្យួរលែងដំណើរការនេះ គឺដោយសាកូវីដ-១៩ ធ្វើឱ្យចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះ។
បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅក្នុងខែមករា ឆ្នាំ២០២០មានភ្ញៀវទេសចរជាង២២ម៉ឺននាក់ ថយចុះ១៧% បើប្រៀបធៀបទៅនឹងចំនួនភ្ញៀវទេសចរនៅឆ្នាំ២០១៩( ២៧ម៉ឺននាក់)។នៅក្នុងខែកុម្ភៈមានចំនួន១២ម៉ឺននាក់ ថយចុះ៥៧% បើប្រៀបធៀបទៅនឹងចំនួនភ្ញៀវទេសចរនៅឆ្នាំ២០១៩។ខែមីនា មានភ្ញៀវទេសចរចំនួន៤២០០០នាក់ ថយចុះ៨២% បើធៀបទៅនឹងឆ្នាំ២០១៩។ខែមេសា មានភ្ញៀវទេសចរតែ៦៤៥នាក់តែប៉ុណ្ណោះ ដែលមានការថយចុះរហូតដល់៩៩.៦៤% បើធៀបទៅនឹងឆ្នាំ២០១៩។ ខែឧសភា មានភ្ញៀវទេសចរចំនួន១៧៧៦នាក់ ថយចុះ៩៨,៧៧% បើធៀបទៅនឹងឆ្នាំ២០១៩ ដែលមានភ្ញៀវទេសចរចំនួន ១៤,៥៥៣៦នាក់។
សរុបមក នៅខេត្តសៀមរាបមានភ្ញៀវទេសចរចំនួន ៣៨,៤៣១៨នាក់ ជាចំនួនដែលគិតសរុបត្រឹមរយៈពេល៤ខែ ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០នេះ ដែលបានថយចុះ៦០.៥១% បើធៀបទៅនឹងឆ្នាំ២០១៩ ដែលមានភ្ញៀវទេសចរជិត១លាននាក់៕