
ត្បងឃ្មុំ៖នាយករដ្ឋមន្ត្រីវៀតណាម នាថ្ងៃទី ២០ មិថុនានេះ បានសម្តែងនូវការដឹងគុណដល់កម្ពុជាជាពិសេស ក្នុងការជួយបង្រួបបង្រួមដល់ប្រទេសវៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាមថ្លែងបែបនេះក្នុងពិធីប្រារព្ធខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធផលនានាក្នុងខេត្តត្បូងឃ្មុំ។
ឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រីវៀតណាមក្នុងពិធីប្រារព្ធខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពតបានថ្លែងឲ្យដឹងថា វៀតណាមពិតជាដឹងគុណជាខ្លាំងដល់កម្ពុជាជាពិសេសក្នុងការជួយបង្រួបបង្រួមដល់ប្រទេសវៀតណាម។ លោកជឿជាក់យ៉ាងមុតមាំថាកម្ពុជា និង វៀតណាមនៅតែបន្តមិត្តភាពមួយនេះកាន់តែរឹងមាំហើយស៊ីជម្រៅបន្ថែមទៀត ដោយនេះលោកមើលឃើញថាជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានដោយមនុស្សជំនាន់ក្រោយបន្តគោរពជាកិត្តិយសគ្រប់ជំនាន់។
លោក Phạm Minh Chính សូមអរគុណកម្ពុជាដែលតែងតែខ្វល់ខ្វាយយកចិត្តទុកដាក់លើប្រជាជនវៀតណាមព្រមទាំងបានជួយរំដោះប្រទេសវៀតណាមក្នុងគ្រាកន្លងមក។ លោកបន្តថាអ្នកស្នេហាជាតិ ព្រមទាំងប្រជាជនកម្ពុជាបានផ្តល់ជំនួយចែករំលែកសាច់ស្រស់ ឈាមស្រស់ដល់ប្រជាជនវៀតណាមដោយមានទំនៀមទម្លាប់វប្បធម៌ស្មោះស្ម័គ្រនិងសេចក្តីស្រលាញ់ ហើយប្រជាជនវៀតណាមក៏តែងតែផ្តល់ក្តីស្រលាញ់និងយកអាសារគ្នាដល់កម្ពុជាផងដែរ។
គួរបញ្ជាក់ថា កម្ពុជា និងវៀតណាម បានបង្កើតចំណងការទូតនឹងគ្នាកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ពោល គឺនៅក្នុងសម័យសង្គមរាស្រ្តនិយមដែលដឹកនាំដោយសម្តេច ព្រះនរោត្តម សីហនុ។ ប៉ុន្តែទំនាក់ទំនងនេះ ត្រូវបានបញ្ចប់នៅក្នុងឆ្នាំ១៩៧០ ដោយការធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ពីសំណាក់ក្រុមលោកសេនាប្រមុខលន់ នល់ នាំឱ្យទំនាក់ទំនងការទូតនៃ ប្រ ទេសទាំង២ កាន់តែអាក្រក់ រហូតនាំឱ្យឲ្យប្រជាពលរដ្ឋនៃប្រទេសទាំង២បានស្លាប់បាត់ បង់ជីវិតជាច្រើននាក់។
កម្ពុជាបានជួយវៀតណាមបង្រួបបង្រួមវៀតណាមខាងត្បូង និងវៀតណាមខាងជើង មកជាប្រទេសតែមួយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ តាមរយៈកម្ពុជា បានអនុញ្ញាតឲ្យកងទ័ពរំដោះជាតិវៀតណាម ហៅថា វៀតកុង ប្រើប្រាស់ទឹកដីជាប់ព្រំដែន ដើម្បីដឹកស្បៀង សព្វាវុធ វាយលុកផ្តួលវៀតណាមខាងត្បូង។ម្លោះហើយបានជាអាម៉េរិក ដែលជាសម្ព័ន្ធមិត្តជាមួយវៀតណាមខាងត្បូង ទម្លាក់គ្រាប់បែកមកដូចគ្រាប់ភ្លៀងមកលើកម្ពុជាជិត៣លានតោន បង្កឱ្យស្លាប់ប្រជាជនកម្ពុជានៅតាមព្រំដែនជាច្រើននាក់៕