
ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងរ៉ូបូត ថ្នាក់ជាតិលើកទី៩ នឹងចាប់ផ្តើមបើកជាផ្លូវការនៅ ថ្ងៃទី ២៥-២៦ មិថុនា នៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការរៀបចំការប្រកួតនេះ ដើម្បីស្វែងរកជើងឯកប្រចាំឆ្នាំ និង ជាឱកាសលើកកម្ពស់សមត្ថភាពយុវជនខ្មែរ ក្នុងវិស័យរ៉ូបូត និងស្វ័យប្រវត្តិកម្ម។
កម្មវិធីប្រកួតប្រជែងរ៉ូបូត ថ្នាក់ជាតិលើកទី៩នៅក្នុងឆ្នាំ២០២២នេះ មានក្រុមរ៉ូបូតចំនួន ៩ក្រុម បេក្ខជន៧៩នាក់ មកពី៥សាលាផ្សេងៗគ្នាដូចជា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT សាកលវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្ត្រកម្ពុជា Camtech វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យា ស្ថានជាតិពហុបច្ចេកទេសកម្ពុជាNPIC និង សាកលវិទ្យាល័យជាតិគ្រប់គ្រងNUM ។
ក្រុមនីមួយៗនឹងត្រូវបង្ហាញសមត្ថភាពពី«រ៉ូបូត»ចំនួនពីរគ្រឿងរបស់ក្រុមនីមួយៗ នៅលើទីលាន ជាមួយគ្នា ក្រោមវិញ្ញាសាប្លែកពោលគឺ «រ៉ូបូតយកបាល់គប់ឌីស Lagori» ។ក្រុមជ័យលាភីលេខ១នឹងត្រូវជ្រើសរើសតំណាងកម្ពុជា ដើម្បីចូលរួមប្រកួតរ៉ូបូតអន្តរជាតិដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះ។
ក្នុងការប្រកួត«រ៉ូបូតថ្នាក់ជាតិ»ឆ្នាំនេះ ក៏មានការបង្កើតព្រឹត្តិការណ៍អមដែលអោយឈ្មោះថា ពិព័រណ៌រ៉ូបូត និង បច្ចេកវិទ្យា សម្រាប់បង្ហាញរ៉ូបូតចូលរួមប្រកួត រ៉ូបូត និងបច្ចេកវិទ្យាដទៃទៀត រួមជាមួយកម្មវិធី កម្សាន្ត យករង្វាន់ និង សំបុត្រទស្សនាថ្ងៃប្រកួតផ្លូវការ ដែលបើកអោយសាធារណជនចូលទស្សនាដោយសេរី។
គួរបញ្ជាក់ថា ពិព័រណ៌រ៉ូបូត និងបច្ចេកវិទ្យា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ មិថុនា ចាប់ពីម៉ោង៨:៣០ព្រឹកដល់ម៉ោង ៥ល្ងាច។ ចំណែកការប្រកួតរ៉ូបូតថ្នាក់ជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦ មិថុនា ចាប់ពីម៉ោង១:៣០រសៀល ដល់ម៉ោង ៥:៣០ល្ងាច ត្រូវមានសំបុត្រចូលរួម៕
