Yearendyearend1140x150

វត្តមានសត្វក្តាន់ប្រភេទកម្រ«ផ្តល់ក្តីសង្ឃឹមជាថ្មី»សម្រាប់ការអភិរក្សនៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានរកឃើញ ប្រភេទសត្វក្តាន់កម្រសរុបប្រមាណ ៨៤ក្បាល កំពុងមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ នៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គក្នុងខេត្តក្រចេះ ដែលនេះជាសញ្ញាណវិជ្ជមានបង្ហាញ ពីការបន្តពូជរបស់ សត្វដ៏កម្រប្រភេទនេះ។ បើតាម អ្នកវិទ្យាសាស្រ្ត សត្វក្តាន់បានផុតពូជទៅហើយពីប្រទេសកម្ពុជា រហូតដល់ឆ្នាំ២០០៦ ទើបវាត្រូវបានគេរកឃើញមានវត្តឡើងវិញក្នុងខេត្តក្រចេះតាមរយៈរូបភាពថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។

លោក អៀម សំអ៊ន់ ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃតំបន់ទេសភាពមេគង្គនៃអង្គការWWF បានរៀបរាប់ថា៖ «អស់រយៈកាល១៦ឆ្នាំហើយបន្ទាប់ពីការរកឃើញវត្តមានសត្វក្តាន់ឡើងវិញ នេះជាការចងក្រងរបាយការណ៍ស្តីពីចំនួនសត្វក្តាន់នៅកម្ពុជាលើកដំបូងសម្រាប់ការអភិរក្សសត្វដ៏កម្រនៅ លើពិភពលោកមួយប្រភេទនេះ»។ លោកបន្តថា សត្វក្តាន់ជាប្រភេទសត្វពិបាកប្រទះឃើញ និងអង្កេតផ្ទាល់ដូចប្រភេទសត្វក្រចកជើងចំពាមដទៃទៀតណាស់។

បើតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ក្រសួងបរិស្ថាន មានសេចក្តីត្រេកអរ និងមានមោនតភាពជាខ្លាំងដែលធម្មជាតិនៃប្រទេសកម្ពុជាផ្តល់ទីជម្រកសុខសាន្ត សម្រាប់ការរស់រានរបស់ប្រភេទសត្វសំខាន់ៗជាសកលដូចជាសត្វក្តាន់ដែលត្រូវបានអ្នកវិទ្យាសាស្ត្របញ្ជាក់ពីវត្តមាន និងការបន្តពូជរបស់វានៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ។

ជាមួយគ្នានេះដែរ «ក្រសួងបរិស្ថាន រួមជាមួយនឹងអង្គការWWF បាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការការពារ និងអភិរក្ស សត្វក្តាន់ដ៏កម្រនេះតាមរយៈការបង្កើនជីវភាពសហគមន៍មូលដ្ឋាន ការអប់រំផ្សព្វផ្សាយ និងការពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃរាល់ការបរបាញ់ និងការដាក់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធ្វើយ៉ាងណា ធានា ការរស់រានរបស់សត្វក្តាន់ និងសត្វព្រៃដ៏មានតម្លៃជាសកលដ៏ទៃទៀតនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា»។

គួរបញ្ជាក់ថាការស្រាវជ្រាវនេះបានសហការរៀបចំដោយក្រុមជំនាញសត្វព្រៃមកពីមន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន អង្គការWWF អង្គការBINCO និងមានការចូលរួមពីសំណាក់សមាជិកសហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង