
ភ្នំពេញ៖ក្រសួងយុត្តិធម៌កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) បានចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងសហប្រតិបត្តិការបច្ចេកទេសដែលមានរយៈពេល៥ឆ្នាំ ស្តីពី “គម្រោង អភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ (ជំហានទី៦)” នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
គម្រោងនេះមានគោលបំណងដើម្បីពង្រឹងប្រព័ន្ធនៃការបណ្តុះបណ្តាលនៅរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ និងដើម្បីពង្រឹងនូវសមត្ថភាពរបស់ចៅក្រម និងអ្នកប្រកបវិជ្ជាជីវ:ច្បាប់ ក្នុងការបកស្រាយ និងអនុវត្តក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ព្រមទាំងច្បាប់ដទៃទៀតក្នុងវិស័យរដ្ឋប្បវេណីឱ្យបានកាន់តែល្អប្រសើរ។
តាមរយ:គម្រោងនេះ ប្រព័ន្ធនៃការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាពនឹងត្រូវបានពង្រឹង ស្របតាមច្បាប់ក្នុងវិស័យរដ្ឋប្បវេណី ហើយជាពិសេស គឺការផ្តោតលើការបណ្តុះបណ្តាលគ្រូបង្គោលផ្នែកច្បាប់រដ្ឋប្បវេណីដល់ចៅក្រម និងវិជ្ជាជីវ:ច្បាប់ នៅរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ។
JICA បានជួយគាំទ្រវិស័យច្បាប់ និងយុត្តិធម៌អស់រយៈពេលជាង២០ឆ្នាំ ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា ដែលប្រទេសជប៉ុនជួយគាំទ្រដល់ប្រទេសកម្ពុជា។ យើងសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះនឹងរួមចំណែកបន្ថែមទៀតដល់ការពង្រឹងអភិបាលកិច្ច ក៏ដូចជាការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងប្រទេស។ (អត្ថបទ៖ ភោគ ភីរ៉ា ផ្នែកច្បាប់និងយុត្តិធម៌ ការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា)