
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នៅក្នុង «កិច្ចប្រជុំកំពូលអ្នកដឹកនាំ ស្ដីពីដំណោះស្រាយ ដើម្បីបញ្ឈប់អំពើហិង្សាលើកុមារ» កាលពីថ្ងៃទី១៤ មិថុនា បានថ្លែងពីផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ។
សម្ដេច ហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចប្រជុំនោះថា កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាមួយដ៏ត្រឹមត្រូវក្នុងការ ទប់ស្កាត់អំពើរហិង្សាលើកុមារ និងធានាថាកុមារមានសុវត្ថិភាពគ្រប់ទីកន្លែង ដូចជានៅផ្ទះ សាលារៀន និងសហគមន៍។
សម្ដេច ហ៊ុន សែន បានថ្លែងទៀត ដើម្បីឈានទៅដល់ការបញ្ឈប់អំពើហិង្សាលើកុមារ គឺត្រូវលើកកម្ពស់សុខុមាភាពកុមារ និងកិច្ចការពារកុមារ ជាពិសេសចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះសកម្មភាពគ្រប់ទម្រង់លើកុមារ។ បន្ថែមពីនេះទៀតគឺត្រូវពន្លឿន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការបញ្ឈប់រាល់គ្រប់ទម្រង់អំពើហិង្សាលើកុមារ នៅត្រឹមឆ្នាំ២០៣០។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៩ កម្ពុជាបានក្លាយជាប្រទេសសមាជិក នៃភាពជាដៃគូសាកល ក្នុងការបញ្ឈប់អំពើហិង្សាលើកុមារ ដោយពង្រឹងការអនុវត្តគោលនយោបាយថែទាំជំនួសចំពោះកុមារ តាមរយៈ ការលើកកម្ពស់ការថែទាំតាមគ្រួសារ ជំនួសការថែទាំនៅកន្លែងថែទាំកុមារ៕