ភ្នំពេញ៖ ក្រសួងអប់រំ និងសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា រួមសហការជាមួយសហព័ន្ធកីឡាជាតិចំនួន១២ នឹងរៀបចំការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២២។ ការប្រកួតនេះប្រព្រឹត្តទៅនៅក្នុងក្រុងភ្នំពេញ នាថ្ងៃទី២១-៣០ មិថុនា ខាងមុខនេះ។
ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២២នេះ ធ្វើឡើងដើម្បីជ្រើសរើសនិស្សិតដែលមានទេពកោសល្យតំណាងជាតិចូលរួមការប្រកួតកីលាសាកលវិទ្យាល័យជាលក្ខណៈអន្ដរជាតិ និងយកការប្រកួតនេះជាការដ្ឋានសម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ការប្រកួតនេះមិនត្រឹមតែជាលើកកម្ពស់គុណភាពនៃការរៀបចំនៃការប្រកួតត្រៀមលក្ខណៈសម្រាប់ឆ្នាំ២០២៣ប៉ុណ្ណោះទេ ថែមទាំងផ្ដល់ឱកាសដល់មន្ត្រីបច្ចេកទេស ដែលសហព័ន្ធកីឡាជាតិបានបណ្ដុះបណ្ដាល បានអនុវត្តការងារជាក់ស្ដែង ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ទៀតផង។
គួរបញ្ជាក់ថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២២ ប្រព្រឹត្តទៅនៅក្នុងក្រុងភ្នំពេញ នាថ្ងៃទី២១-៣០ មិថុនា មាន១២ប្រភេទកីឡា និង៩៤វិញ្ញាសា៕
