
ភ្នំពេញ៖ ក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាពដែលបានដាក់អ្នកសង្កេតការណ៍បោះឆ្នោតប្រមាណ២៦២៤នាក់ នៅថ្ងៃទី ៦ មិថុនានេះ បានចេញសេចក្តីថ្លែងការណ៌ គាំទ្រដំណើរការបោះឆ្នោតឃុំសង្កាត់អាណាត្តិទី៥នេះ។
ក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព ពន្យល់ថា ដំណើរការបោះឆ្នោតឃុំសង្កាត់នាអាណាត្តិទី៥នេះប្រកបដោយរលូនជាមួយបរិយាកាសនយោបាយល្អ ដោយគ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ និងគ្មានការគំរាមគំហែងណាមួយឡើយ។ ក្រុមសម្ពពន្ធយុវជនបន្តថា ចំណែកការរាប់សន្លឹកឆ្នោតបានប្រព្រត្តិទៅដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមមានភ្នាក់ងារគណបក្សនយោបាយ អ្នកសង្គេតការណ៍ជាតិ-អន្តរជាតិ ក៏ដូចជាភ្នាក់ងារសារព័ត៌មាន។

ក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព បានធ្វើការគាំទ្រពេញទំហឹងចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២ ដែលមានប្រជាពលរដ្ឋចេញទៅបោះឆ្នោតជាង៨០ភាគរយ នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ គ.ជ.ប» ដែលប្រព្រឹត្តទៅដោយតម្លាភាព សេរីភាព យុត្តិធម៌ គ្មានហិង្សា គ្មានការបង្ខិតបង្ខំ ស្ដែងពីភាពចាស់ទុំផ្នែក នយោបាយ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមឆន្ទះរបស់ប្រជាជនកម្ពុជា និងស្របតាមរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៥ល្ងាចនៃថ្ងៃបោះឆ្នោត ប្រជាពលរដ្ឋទៅចូលបោះឆ្នោតមានចំនួនជាង៧លាននាក់(៧.១៧២.៤៤៨)នាក់ស្មើនឹងជាង៧៧% (៧៧.៩១%)នៃពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណ៩លាន២សែននាក់។ចំនួននេះត្រូវបាន គ.ជ.ប ចាត់ទុកថា ច្រើនគួរសមបើធៀបនឹងបណ្ដាប្រទេសមួយចំនួនផ្សេងទៀត៕