
សេអ៊ូល៖ កូរ៉េខាងត្បូងនិងអាម៉េរិកចាប់ដៃគ្នាបាញ់មីស៊ីល ៨គ្រាប់ នាព្រឹកថ្ងៃចន្ទ ទី៦ ខែមិថុនា ចេញពីឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតកូរ៉េ។
ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានដកស្រង់សំដីយោធាកូរ៉េខាងត្បូងថា សកម្មភាពនេះគឺជាការបង្ហាញពី "សមត្ថភាព និងការត្រៀមខ្លួនដើម្បីធ្វើការវាយប្រហារយ៉ាងជាក់លាក់" ប្រឆាំងនឹងប្រភពនៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ឬមជ្ឈមណ្ឌលបញ្ជា និងជំនួយ។
ដោយឡែកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ដែលបានឡើងកាន់តំណែងកាលពីខែមុនបានប្តេជ្ញាថានឹងប្រកាន់ខ្ជាប់នូវបន្ទាត់តឹងរ៉ឹងប្រឆាំងនឹងកូរ៉េខាងជើង ហើយបានយល់ព្រមជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងកិច្ចប្រជុំកំពូលខែឧសភាក្នុងទីក្រុងសេអ៊ូល ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមយុទ្ធយោធារួមគ្នា និងឥរិយាបថរារាំងរួមបញ្ចូលគ្នារបស់កូរ៉េទាំងពីរ។
ជាមួយគ្នានេះដែរសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបាញ់មីស៊ីលចំនួន ៨ គ្រាប់ក្នុងរយៈពេលប្រហែល ១០ នាទី ដោយចាប់ផ្តើមនៅម៉ោង ៤.៤៥ ព្រឹកថ្ងៃចន្ទ (៧.៤៥ ល្ងាច GMT, ថ្ងៃអាទិត្យ) ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលចំនួន ៨ គ្រាប់ដោយកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ។ មន្ត្រីម្នាក់មកពីក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព (ATACMS) ចំនួនប្រាំបីត្រូវបានបាញ់។
គួរបញ្ជាក់ថាមីស៊ីលផ្លោងរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង ដែលបានបាញ់ឆ្ពោះទៅសមុទ្រកូរ៉េខាងត្បូង ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃអាទិត្យ ប្រហែលជាការសាកល្បងដ៏ធំបំផុតរបស់ខ្លួន ហើយបានកើតឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបញ្ចប់សមយុទ្ធយោធារួមគ្នា។ សមយុទ្ធទ្វេភាគីរវាងកូរ៉េខាងត្បូង និងអាមេរិក ពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះអាមេរិក ជាលើកដំបូងក្នុងរយៈពេលជាង ៤ ឆ្នាំ។ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកក៏បានធ្វើសមយុទ្ធយោធារួមគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើងផងដែរ៕