
ដាកា៖ ឃ្លាំងកុងតឺន័រមួយផ្ទុះបណ្តាលឲ្យមនុស្ស៤៩នាក់ស្លាប់នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ដែលជាឧប្បត្តិហេតុចុងក្រោយបំផុតដែលបង្ហាញពីកំណត់ត្រាអសុវត្ថិភាពឧស្សាហកម្មដ៏ក្រីក្ររបស់ប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែស៊ីអិនអេ។
ក្រុមមន្ត្រីបង់ក្លាដែសបានគូសបញ្ជាក់ថាអគ្គីភ័យដែលបានបង្ករបួសមនុស្សជាង ២០០នាក់បានផ្ទុះឡើងនៅឯកន្លែងដឹកជញ្ជូនកុងតឺន័រកាលពីយប់ថ្ងៃសៅរ៍នៅឯ Sitakunda ចម្ងាយ ៤០ គីឡូម៉ែត្រពីទីក្រុងកំពង់ផែ Chittagong ដោយបង្កឱ្យមានការផ្ទុះដ៏ធំនិងការផ្ទុះកុងតឺន័រជាច្រើនបន្តកន្ទុយគ្នា។
មន្ត្រីបន្តថាធុងផ្ទុកសារធាតុគីមីនៅតែផ្ទុះកាលពីថ្ងៃអាទិត្យ ខណៈដែលអ្នកពន្លត់អគ្គីភ័យព្យាយាមពន្លត់ភ្លើង ហើយមន្ត្រីបាននិយាយថា កងទ័ពបានចូលរួមបេសកកម្មនេះយ៉ាងសកម្មដើម្បីព្យាយាមពន្លត់អគ្គិសភ័យដ៏សាហាវមួយនេះ។
ដោយឡែកវេជ្ជបណ្ឌិត Mohammed Elias Hossain បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលអ្នករបួសមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត។ លោកបន្តថា អ្នករងរបួសរួមមានអ្នកពន្លត់អគ្គិភ័យ និងប៉ូលិស។
លោកសង្គត់ធ្ងន់ថាគ្រូពេទ្យទាំងអស់ក្នុងស្រុកត្រូវបានគេហៅឲ្យជួយដោះស្រាយស្ថានការណ៍ ខណៈបណ្តាញសង្គមកំពុងផ្ទុះដោយការអំពាវនាវសុំបរិច្ចាគឈាមជាបន្ទាន់។
លោកបានបន្ថែមថា អ្នកពន្លត់អគ្គីភ័យចំនួន ៥ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៥០ នាក់ផ្សេងទៀតរួមទាំងប៉ូលីសចំនួន ១០ នាក់បានរងរបួស។ សាក្សីបាននិយាយថា សាច់ញាតិដែលមានទុក្ខព្រួយរាប់រយនាក់ បានប្រញាប់ប្រញាល់ពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយទៀត ក្នុងការស្វែងរកមនុស្សជាទីស្រលាញ់របស់ពួកគេដោយភាពភ័យខ្លាច៕