ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៣ មិថុនានេះ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរួមគ្នាអនុវត្តន៍វិធានសុខាភិបាលការពារជំងឺកូវីដ១៩ នៅពេលអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥។ការអំពាវនាវនេះ ធ្វើឡើងមុន២ថ្ងៃនៃថ្ងៃបោះឆ្នោតដែលនឹងចូលមកដល់នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្តេច ហ៊ុន សែន បានក្រើនរំលឹកថា បើទោះបីមិនមានការឆ្លងជំងឺកូវីដ១៩ រយៈពេលជាមួយខែទៅហើយក្តី តែក៏មិនអាចបោះបង់ចោលការអនុវត្តវិធានការពារជំងឺកូវីដ១៩ នៅពេលមានការប្រមូលផ្តុំនោះឡើយ។សម្តេច បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅចូលរួមបោះឆ្នោត ត្រូវប្រកាន់ខ្ជាប់វិធានសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩ ដូចជាកាន់ជាប់ជាមួយអាល់កុល រក្សាគម្លាត និងពាក់ម៉ាសជាដើម៕