
អឺរ៉ុប៖ សហភាពអឺរ៉ុបបានអនុម័តលើទណ្ឌកម្មជុំទីប្រាំមួយប្រឆាំងនឹងរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងវិធានការរឹតបន្តឹងប្រឆាំងនឹងប្រេងរុស្ស៊ី និងធនាគារ Sberbank នៅមួយថ្ងៃបន្ទាប់ពីត្រូវបានពន្យារពេលដោយសារតែការជំទាស់ដោយប្រទេសហុងគ្រី។
មេដឹកនាំសហភាពអឺរ៉ុប បានយល់ព្រមជាគោលការណ៍លើការដាក់ទណ្ឌកម្មជុំទីប្រាំមួយប្រឆាំងនឹងរុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលវិសាមញ្ញ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ ដោយគ្របដណ្តប់លើ "ការហាមឃាត់ដោយផ្នែក" លើប្រេងរុស្ស៊ី និងការដកធនាគារ Sberbank ដែលជាធនាគារធំបំផុតរបស់រុស្ស៊ីពី SWIFT ដែលជាប្រព័ន្ធទូទាត់ប្រើសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិភាគច្រើន។
នៅក្រោមច្បាប់របស់សហភាពអឺរ៉ុប ទណ្ឌកម្មចាំបាច់ត្រូវមានការឯកភាពជាឯកច្ឆ័ន្ទដោយរដ្ឋសមាជិកទាំង ២៧ ដើម្បីចូលជាធរមាន។ បន្ទាប់ពីប្រទេសហុងគ្រី បានជំទាស់នឹងផ្នែកខ្លះនៃវិធានការនោះ កញ្ចប់ទណ្ឌកម្មនេះ បានបរាជ័យក្នុងការអនុម័តកាលពីថ្ងៃពុធ។
ប្រធានសភាអឺរ៉ុបលោក Roberta Metsola បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកតំណាងមកពីក្រុមហ៊ុនរុស្ស៊ី នឹងត្រូវបានរារាំងមិនឱ្យចូលទៅក្នុងអគារសភាភ្លាមៗ បន្ទាប់ពីការអនុម័ត។
សេតវិមានក៏បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ផងដែរ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបាននិយាយថា ទណ្ឌកម្មថ្មី គឺជាសកម្មភាពបន្ថែមទៀតរបស់សហរដ្ឋអាមេរិក។ ទណ្ឌកម្មថ្មីរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងកំណត់គោលដៅទៅលើមន្ត្រីរដ្ឋាភិបាល និងធុរកិច្ចរុស្ស៊ីសំខាន់ៗ។ ក្រសួងការបរទេសក៏បានបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងពាណិជ្ជកររុស្ស៊ីដែលមានទ្រព្យសម្បត្តិជាច្រើននិងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។
លើសពីនេះ នាយកដ្ឋានពាណិជ្ជកម្មបានដាក់កម្រិតបន្ថែមទៀតលើបច្ចេកវិទ្យា និងសម្ភារៈផ្សេងទៀតដែលរុស្ស៊ីត្រូវការ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចចិត្តបន្ថែមភាគីចំនួន ៧១ មកពីប្រទេសរុស្ស៊ី និងបេឡារុស្សទៅក្នុងបញ្ជីអង្គភាព ដោយហាមមិនឱ្យពួកគេប្រើប្រាស់ផលិតផលដែលផលិតដោយបច្ចេកវិទ្យា ឬកម្មវិធីរបស់អាមេរិក៕