
ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ឧសភានេះ បានប្រកាសបន្ថែមលើកសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិថា «ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា»។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សម្តេចហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា "ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសអោយបានជ្រាបបន្ថែមលើការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនអោយចាយដូចពាក្យចចាមអារាមនោះទេ"។
បើតាមសម្តេច ក្នុងករណីប្រសិនបើមានការបញ្ឈប់អោយចរាចរណ៍ចាយលុយក្រដាសប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការពីធនាគារជាតិនៃកម្ពុជាមិនខាន។សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹកឬកាត់ផុកអ្វីទាំងអស់៕