ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែងជ្រៀតជ្រែកចូលកិច្ចការហុងកុងរបស់ចិន ដើម្បីរារាំងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិន។ នេះបើតាមការថ្លែងរបស់លោកបណ្ឌិត សុខ ទូច ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិននិងសហរដ្ឋអាមេរិក»នៅថ្ងៃទី២៩ ខែឧសភានេះ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកក្នុងកិច្ចការហុងកុងនៅប្រទេសចិន គឺពិតជាឧបសគ្គរារាំងដល់ការអភិវឌ្ឍរបស់ចិនតាមរយៈបញ្ហាហុងកុង។ តែទោះបីជាយ៉ាងណាក្តី លោកបណ្ឌិតបានអះអាងថា គ្មាននរណាម្នាក់ ឬកម្លាំងបរទេសណាមួយអាចធ្វើអន្តរាគមន៍ឱ្យហុងកុងបំបែកចេញពីប្រទេសចិនបានឡើយ។
នៅក្នុងអង្គប្រជុំទាំងមូល លោកបណ្ឌិត សុខ ទូច បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានស៊ីស៊ីថាមស៍ថា ការសម្រេចរបស់រដ្ឋាភិបាលចិន គឺពិតជាច្បាស់លាស់ណាស់ ដើម្បីកែលម្អសន្តិសុខជាតិរបស់ហុងកុង និងទិដ្ឋភាពនៃប្រព័ន្ធច្បាប់ និងយន្តការអនុវត្តរបស់ប្រទេសចិន។
ឆ្លៀតក្នុងកិច្ចពិភាក្សានេះ លោកបណ្ឌិត សុខ ទូច បានស្នើឱ្យអ្នកសិក្សានៅកម្ពុជាទាំងអស់មើលឃើញពីការសម្រេចចិត្តរបស់រដ្ឋាភិបាលកណ្តាលចិនក្នុងការជំរុញច្បាប់សន្តិសុខជាតិរបស់ហុងកុង ដោយផ្អែកលើប្រព័ន្ធច្បាប់ និងយន្តការអនុវត្តរបស់ប្រទេសចិននេះផងដែរ៕