
វៀងច័ន្ទ៖ ផ្លូវដែកឡាវ-ចិន បានប្រកាសបើកដំណើរការស្ថានីយរថភ្លើងណាម័រក្នុងខេត្តឧត្តមក្នុងប្រទេសឡាវចាប់ពីថ្ងៃទី១ ខែមិថុនា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតឡាវ Vientiane Times ។
កាសែត Vientiane Times រាយការណ៍ថា រថភ្លើងស្តង់ដារ K12/1 នឹងត្រូវដាក់ឱ្យដំណើរការ ដោយមានសំបុត្រសម្រាប់ទិញនៅស្ថានីយ៍។ ស្ថានីយណាម័រ ស្ថិតក្នុងស្រុកឆៃ ខេត្តឧត្តម ។ វាស្ថិតនៅចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីព្រំដែនជាមួយប្រទេសចិន និង ២០ គីឡូម៉ែត្រពីស្ថានីយ៍ Nateuy ដែលជាកន្លែងដ៏សំខាន់មួយនៅភាគខាងជើងនៃផ្លូវរថភ្លើង។
ដោយឡែកឥឡូវនេះ ផ្លូវដែកនេះកំពុងដឹកអ្នកដំណើរទៅ និងមកពីស្ថានីយចំនួន ១០ រួមមានទីក្រុងវៀងចន្ទន៍ ផុនហុង វ៉ាងវៀង កាស៊ី ហ្លួងប្រាបាង មឿងង៉ា មឿងចៃ ណាម័រ ណាតឿ និងស្ថានីយបូតេ។ ការត្រៀមតភ្ជាប់ផ្លូវដែកឡាវ-ចិន ទៅកាន់កំពង់ផែស្ងួតថាណាឡេង ដើម្បីសម្រួលការដឹកជញ្ជូនទំនិញបានកាន់តែប្រសើរឡើងបានចាប់ផ្តើម ដោយការតភ្ជាប់ផ្លូវដែកនឹងបើកដំណើរការក្នុងខែនេះ។

មន្រ្តីឡាវបានគូសបញ្ជាក់ថានេះនឹងធ្វើឱ្យការដឹកជញ្ជូនទំនិញកាន់តែលឿន និងងាយស្រួលជាងមុនរវាងប្រទេសថៃ និងចិន តាមរយៈប្រទេសឡាវ។ ផ្លូវរថភ្លើងឡាវ-ចិនបានធ្វើបច្ចុប្បន្នភាពតម្លៃសំបុត្ររបស់ខ្លួនដោយផ្អែកលើអត្រាប្តូរប្រាក់យន់នៅដើមខែនេះផងដែរ៕