
អឺរ៉ុប៖ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប បាននិយាយថា សហភាពអឺរ៉ុប នឹងរៀបចំផែនការដាក់ទណ្ឌកម្មលើកទី៦ ប្រឆាំងនឹងរុស្ស៊ី រួមទាំងការហាមឃាត់ប្រេង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik របស់រុស្ស៊ី។
សមាជិកនៃសហភាពអឺរ៉ុប (EU) នឹងបន្តកិច្ចពិភាក្សាអំពីការហាមឃាត់ប្រេងរបស់រុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំកំពូល ដែលគ្រោងនឹងបើកនៅថ្ងៃចន្ទ បើទោះបីជាគំនិតរបស់ពួកគេមានភាពខុសគ្នាខ្លាំង ដោយសារតែផលប្រយោជន៍ផ្សេងៗគ្នាក៏ដោយ។
មេដឹកនាំសហភាពអឺរ៉ុប ក៏នឹងពិភាក្សាផងដែរអំពីលទ្ធភាពនៃការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ក្នុងក្របខ័ណ្ឌនៃទណ្ឌកម្ម។ ទោះបីជាសមាជិកសហភាពអឺរ៉ុប បានជួបពិភាក្សាញឹកញាប់នាពេលថ្មីៗនេះ ដោយសង្ឃឹមថានឹងឈានដល់ការឯកភាពគ្នា និងអនុម័តលើការហាមឃាត់ប្រេងនៅក្នុងកិច្ចប្រជុំកំពូលក៏ដោយ ក៏សមាជិកនៅតែមានគំនិតខុសគ្នាចំពោះបញ្ហានេះ។
កាលពីដើមខែនេះ គណៈកម្មការអឺរ៉ុប ដែលជាដៃប្រតិបត្តិរបស់សហភាពអឺរ៉ុប បានស្នើកញ្ចប់ទណ្ឌកម្មទីប្រាំមួយ ប្រឆាំងនឹងរុស្ស៊ី ដែលរួមមានការហាមឃាត់ទាំងស្រុងលើការនាំចូលប្រេងពីរុស្ស៊ី នៅចុងឆ្នាំនេះ។
សំណើនេះទាមទារឱ្យមានការយល់ព្រមពីសមាជិកសហភាពអឺរ៉ុប (EU) ទាំង២៧ ប្រទេសមុនពេល ចូលជាធរមាន។ ទោះជាយ៉ាងណាក៏ដោយ សមាជិកមួយចំនួនដូចជាប្រទេសហុងគ្រី និងស្លូវ៉ាគីបានជំទាស់នឹងសំណើនេះ ដោយសារការហ៊ុមព័ទ្ធប្រេងនឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ពួកគេ។
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់លោក Robert Habeck បាននិយាយកាលពីថ្ងៃអាទិត្យថា ការរួបរួមរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីបានចាប់ផ្តើមដួលរលំ៕