Cc time web banner 054637

កម្ពុជាត្រៀមកន្លែងសាកអាគុយឡានសាធារណៈនៅផ្លូវល្បឿនលឿន និងផ្លូវជាតិសំខាន់ៗ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកញ្ជូន (រូបភាព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន) 

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ស្ថានីយសាកយានយន្តអគ្គិសនីនៅតាមផ្លូវជាតិសំខាន់ៗត្រូវបានត្រៀមរៀបចំតាមផ្លូវជាអាទិភាពដូចជា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងតាមបណ្តាផ្លូវជាតិសំខាន់ៗផងដែរ។ ការឡើងលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធានបទ៖ ការប្រើប្រាស់យានយន្ត អគ្គិសនីនៅកម្ពុជា នៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកញ្ជូន បានជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យាន យន្តអគ្គិសនីឱ្យបានច្រើន ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងការបំពុល បរិស្ថាន និងបានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា។

ក្នុងពេលនោះដែរ ក៏មានការឆ្លើយតបសំណួរ បញ្ជាក់ពីការចុះបញ្ជីរថយន្តអគ្គិសនីដែរ ក្នុងនោះ ចម្លើយតបថា ក្នុងរយៈពេល០៤ខែ ដើមឆ្នាំ២០២២ នេះ មានយានយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនសរុបចំនួន៦៦គ្រឿង ប្រៀបធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណជាង៦០០%។

ឯកឧត្តម បានគូសបញ្ជាក់ពីចរន្តកើនឡើងនៃការ ប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា ក៏ដូចជាពិភពលោក និង បានបន្ថែមថា ក្រសួងបានខិតខំប្រឹងប្រែងរៀបចំគោលនយោបាយដឹកជញ្ជូន ក្នុងនោះមានមួយផ្នែកនិយាយអំពីការប្រើប្រាស់យានយន្តអគ្គិសនីផងដែរនៅកម្ពុជា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ដើម្បីឱ្យការបញ្ចេញឧស្ម័នកាបូនធ្លាក់នៅកម្រិតសូន្យនៅឆ្នាំ២០៥០ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានប្រមាណ៤០% នៅឆ្នាំ២០៥០ និងម៉ូតូ៧០% នៅឆ្នាំ២០៥០៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង