ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច នៅថ្ងៃទី២៨ឧសភានេះ បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សា ដោយមានការចូលរួមពីសិស្សានុសិស្សមកពីវិទ្យាល័យនៅតាមបណ្តាខេត្តរាជធានី មួយចំនួន។ ទន្ទឹមនេះ សាកលវិទ្យាល័យខេមតិច ក៏បានរៀបចំនូវបទបង្ហាញដែលមានការបកស្រាយពីវាគ្មិនដែលចំណេះ និងបទពិសោធន៍ជាច្រើនឆ្នាំទាក់ទងនឹងជំនាញនិងការវិវត្តនូវបច្ចេកវិទ្យាថ្មីៗ។
នៅក្នុងកម្មវិធីទស្សនកិច្ចនេះ សិស្សានុសិស្សបានចូលរួមស្តាប់យ៉ាងយកចិត្តទុកដាក់ពីការធ្វើបទបង្ហាញពីសំណាក់វាគ្មិន សាស្រ្តាចារ្យ ដែលពន្យល់រៀបរាប់ពីការជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា។ ពិសេស គោលបំណងសំខាន់ក្នុងកម្មវិធីព្រឹកនេះ គឺលើកកម្ពស់ការយល់ដឹងរបស់ប្អូនៗសិស្សានុសិស្សនៅកម្រិតមធ្យមសិក្សាទុតិយភូមិលើការជ្រើសរើសមុខជំនាញឱ្យបានសមស្របនឹង ឧបនិស្ស័យ ទេពកោសល្យ តម្រូវការទីផ្សារការងារ និងជំរុញការត្រៀមលក្ខណៈសម្រាប់ការសិក្សានៅឧត្តមសិក្សា។
សូមជម្រាបថា កម្មវិធីទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យខេមតិច មានការចូលរួមពីសិស្សានុសិស្សមកពីវិទ្យាល័យប្រមាណ៤ ដូចជា វិទ្យាល័យជាស៊ីមជ្រោយចង្វារ សាលារៀនសុវណ្ណភូមិ សាលារៀនដុនបុស្កូទឹកថ្លា កុលសម្ព័ន្ធអប់រំ គ្រុប និងសិស្សានុសិស្សដែលមកពីវិទ្យាល័យផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញ៕