ភ្នំពេញ៖ គណៈកម្មការរៀបចំពិព័រណ៍ បានអញ្ជើញសហគ្រាស ឬក្រុមហ៊ុនអាជីវកម្មក្នុងវិស័យចំណីអាហារ និងកសិកម្មនៃប្រទេសសមាជិកមេគង្គ-ឡានឆាងចូលរួមតាំងបង្ហាញផលិតផលសក្កានុពលរបស់ខ្លួនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១១-១៩ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌល Lao ITECC ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
បើតាមសេចក្តីប្រកាស ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ នឹងរៀបចំកម្មវិធីតាំងពិព័រណ៍ “ Lancang-Mekong International Food Exposition ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-១៩ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌល Lao ITECC ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ ព្រឹត្តិការណ៍ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាង។
នៅក្នុងឱកាសនេះ គណៈកម្មការរៀបចំពិព័រណ៍ សូមអញ្ជើញសហគ្រាស ឬក្រុមហ៊ុនអាជីវកម្មក្នុងវិស័យចំណីអាហារ និងកសិកម្មនៃប្រទេសសមាជិកមេគង្គ-ឡានឆាងចូលរួមតាំងបង្ហាញផលិតផលសក្កានុពលរបស់ខ្លួន ដោយភាគីឡាវនឹងផ្តល់ជូនស្តង់ចំនួន១០ ស្តង់ជូនប្រទេសសមាជិកដោយឥតគិតថ្លៃ។ នេះបើតាមសេចក្តីប្រកាស។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួលជាមួយគណៈកម្មការរៀបចំពិព័រណ៍នៃនាយកដ្ឋានជំរុញពាណិជ្ជកម្មប្រទេសឡាវ សូមអញ្ជើញលោក-លោកស្រី ដែលជាពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន/សហគ្រាស ព្រមទាំងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មខាងលើ សូមទាក់ទងដោយផ្ទាល់តាមរយៈអ៊ីម៉ែល [email protected] ឬ snr_p[email protected] ឬទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មន្រ្តីសម្របសម្រួលលោក ជា ពុទ្ធាកុល្បៈ តាមរយៈទូរស័ព្ទលេខ ០១២ ៧៧៧ ៩៥៩ ឬអ៊ីម៉ែល [email protected] ៕
