
អយុធ្យា៖ នារីជនជាតិបារាំងម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសាររថយន្តបើបុកកង់របស់នាង នៅចំណុចផ្លូវបំបែកមួយក្នុងសង្កាត់ Phra Nakhon Si Ayutthaya កាលពីយប់ថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍។
លោក Pol Capt Wirunkit Tantrakul អនុប្រធានផ្នែកស៊ើបអង្កេតនៅ Phra Nakhon Si Ayutthaya បាននិយាយថា គ្រោះថ្នាក់បើបុកមនុស្សស្លាប់នេះបានកើតឡើងនៅលើផ្លូវ Rojana ត្រង់ចំនុចប្រសព្វ Khlong Makhamriang ក្នុង Tambon Prathuchai ដោយគេរាយការណ៍ប្រាប់ប៉ូលិសនៅម៉ោងប្រហែល ៩ យប់។
ដោយឡែកមន្ត្រីថៃបានគូសបញ្ជាក់ថា សេវាសង្គ្រោះបន្ទាន់បានទូរស័ព្ទទៅកន្លែងកើតហេតុបាននិយាយថា ភ្ញៀវទេសចរជនជាតិបារាំង ដែលពុំទាន់បានដឹងឈ្មោះត្រូវបានឃុំខ្លួនរង់ចាំការជូនដំណឹងពីសាច់ញាតិ ដែលបានគេប្រទះឃើញដេកផ្កាប់មុខនៅលើផ្លូវ។ កង់ខូចមួយត្រូវបានគេរកឃើញនៅលើផ្លូវ ហើយសារព័ត៌មានថៃបានរាយការណ៍ថា នៅមិនឆ្ងាយប៉ុន្មាននោះមានរថយន្តតូយ៉ូតា Altis ពាក់ស្លាកលេខ អយុធ្យា រងការខូចខាតផ្នែកខាងឆ្វេង និងកញ្ចក់រថយន្តបែកកញ្ចក់ ។
ទន្ទឹមនិងនេះ អ្នកបើកបររថយន្តឈ្មោះ ស្ថាបនា ឃឹមសុផា អាយុ ៤២ ឆ្នាំ ប្រាប់ប៉ូលិសថា គាត់កំពុងបើកបរពីកន្លែងធ្វើការពេលដល់ជិតផ្លូវបំបែកភ្លើងសញ្ញាចរាចរណ៍ពីក្រហមទៅបៃតង ទើបគាត់បន្តដំណើរទៅមុខ ។ មនុស្សពីរនាក់ជិះកង់ឆ្លងពីឆ្វេងទៅផ្លូវបំបែក លោកស្ថាបនាបាននិយាយថា គាត់បានចាប់ហ្វ្រាំងតែមិនអាចឈប់ទាន់ពេល ហើយបានបុកអ្នកទាំងនោះម្នាក់។ លោកសោកស្ដាយចំពោះឧបទ្ទវហេតុនេះ និងបានសុំទោសដល់ក្រុមគ្រួសារស្ត្រីដែលបានស្លាប់។
គួរបញ្ជាក់ថារដ្ឋាភិបាលថៃបានកំណត់គោលដៅកាត់បន្ថយចំនួនអ្នកស្លាប់តាមដងផ្លូវឱ្យបានជិតពីរភាគបីក្នុងរយៈពេលប្រាំឆ្នាំ បើទោះបីជាខ្លួនទទួលស្គាល់ថាកិច្ចខិតខំប្រឹងប្រែងនេះអាចត្រូវបានរារាំងដោយកង្វះកិច្ចសហប្រតិបត្តិការសាធារណៈក៏ដោយ។ គោលដៅនេះត្រូវបានបញ្ជាក់ដោយនាយករដ្ឋមន្ត្រី Prayut Chan-o-cha នៅក្នុងសិក្ខាសាលាសិក្សានៅទីក្រុងបាងកកកាលពីថ្ងៃពុធ។ សុវត្ថិភាពចរាចរណ៍ត្រូវបានគេកំណត់ជាអាទិភាពក្នុងយុទ្ធសាស្ត្រជាតិ២០ឆ្នាំ។ គោលដៅគឺកាត់បន្ថយអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មកត្រឹម១២នាក់ក្នុងចំណោមប្រជាជន១០០.០០០នាក់នៅឆ្នាំ២០២៧ និងសម្រេចបានគោលដៅចក្ខុវិស័យសូន្យនៅឆ្នាំ២០៥០៕