
តួកគី៖ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងអង់ការ៉ាកាលពីថ្ងៃពុធ អ្នកនាំពាក្យរដ្ឋាភិបាលតួកគី លោក Ibrahim Kalin បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលរបស់លោកនឹងមិនអនុញ្ញាតឱ្យហ្វាំងឡង់ និងស៊ុយអែត ចូលទៅក្នុងសម្ព័ន្ធភាពរបស់អង្គការណាតូឡើយ រហូតទាល់តែការព្រួយបារម្ភផ្នែកសន្តិសុខរបស់តួកគីទាក់ទងនឹងអំពើភេរវកម្ម និងទណ្ឌកម្មត្រូវបានដោះស្រាយ។ ហើយទីក្រុង អង់ការ៉ា នឹងមិនប្រញាប់ទៅរកកិច្ចព្រមព្រៀងមួយ មុនពេលកិច្ចប្រជុំបន្ទាប់របស់ណាតូនោះទេ។
គណៈប្រតិភូមកពីប្រទេសស៊ុយអែត និងហ្វាំងឡង់ បានជួបជាមួយសមភាគីតួកគីរបស់ពួកគេ នៅទីក្រុងអង់ការ៉ា រយៈពេលប្រាំម៉ោងនៃកិច្ចពិភាក្សាបន្ទាប់ពីកម្មវិធីរួមគ្នារបស់ពួកគេ ដើម្បីចូលរួមសម្ព័ន្ធភាពយោធារបស់អង្គការណាតូកាលពីសប្តាហ៍មុន។ ការចូលជាសមាជិករបស់ពួកគេ ទាមទារការយល់ព្រមជាឯកច្ឆ័ន្ទពីរដ្ឋសមាជិកទាំង ៣០ ហើយតួកគី បានគំរាមរារាំងដំណើរការនេះ លុះត្រាតែប្រទេសទាំងពីរបង្ក្រាបក្រុមដែលខ្លួនចាត់ទុកថាជាភេរវករ។
តួកគីបានទាមទារឱ្យស៊ុយអែត និងហ្វាំងឡង់លុបចោលការរឹតបន្តឹងការនាំចេញអាវុធលើតួកគី ហើយពួកគេត្រូវធ្វើបត្យាប័នលើមនុស្សដែលមានទំនាក់ទំនងជាមួយគណបក្សពលករឃឺដ (PKK) និងចលនា Gulen (FETO)។
លោក Kalin បាននិយាយថា ភាគីតួកគីកំពុងដាក់សម្ពាធលើប្រទេសស៊ុយអែត ដើម្បីបង្ក្រាប PKK ក្នុងស្រុករបស់ខ្លួន ប្រតិបត្តិការហិរញ្ញវត្ថុ និងប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេ។ ជាពិសេសប្រទេសស៊ុយអែត ត្រូវបានប្រទេសតួកគី ចោទប្រកាន់ថាបានបទផ្តល់អាវុធដល់ជនជាតិឃឺដ ជាមួយនឹងអាវុធប្រឆាំងរថក្រោះ ដែលត្រូវបានប្រើប្រាស់នៅក្នុងជម្លោះព្រំដែនដែលកំពុងបន្តរបស់ជនជាតិឃឺដជាមួយតួកគី។
ពេលនេះមន្ត្រីស៊ុយអែត និងហ្វាំងឡង់ នឹងត្រឡប់ទៅរដ្ឋធានីរបស់ពួកគេវិញ ដើម្បីពិភាក្សាអំពីការទាមទាររបស់ប្រទេសតួកគី។ ទោះជាយ៉ាងណា ដំណើរការសមាជិកភាពសម្រាប់រដ្ឋទាំងពីរអាចបន្ត ក្នុងវិធីមួយ នៅពេលដែល កង្វល់សន្តិសុខរបស់ប្រទេសតួកគីបានដោះស្រាយ។
ប្រទេសស៊ុយអែត និងហ្វាំងឡង់ ទាំងពីរបានអំពាវនាវឱ្យមានប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ជាការលើកទឹកចិត្តពួកគេឱ្យចូលរួមជាមួយសម្ព័ន្ធមិត្តណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ការបង្ហាញបំណងចង់ចូលជាសមាជិកភាពរបស់ពួកគេត្រូវបានទទួលយ៉ាងកក់ក្តៅនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងដោយមេដឹកនាំអឺរ៉ុបរបស់អង្គការណាតូ លើកលែងតែប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងប្រធានាធិបតីក្រូអាតលោក Zoran Milanovic ដែលបានគម្រាមរារាំងការដាក់ពាក្យរបស់ពួកគេ លុះត្រាតែសម្ព័ន្ធភាពដោះស្រាយការចោទប្រកាន់ស្របច្បាប់របស់ក្រូអាត នៅបូស្នៀ និង ហឺហ្សេហ្គោវីណា៕