
ហូជីមិញ៖ បុរសជនជាតិរុស្សីម្នាក់ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំពីរខែពីបទដាំ និងផលិតកញ្ឆានៅក្នុងផ្ទះមួយក្នុងខេត្ត Binh Thuan កាលពីថ្ងៃច័ន្ទ ។
មន្រ្តីវៀតណាមបានគូសបញ្ជាក់ថា តុលាការវៀតណាមបានចេញសាលក្រមកាត់ទោសលោក Shedko Dmitrii អាយុ ៣៤ ឆ្នាំពីបទ "កាន់កាប់ដោយខុសច្បាប់នូវសារធាតុញៀន" ស្របតាមក្រមព្រហ្មទណ្ឌ។ លោក Dmitrii ត្រូវបានប៉ូលិសចាប់ខ្លួននៅក្រុង Phan Thiet កាលពីឆ្នាំមុន។ សាលក្រមបន្តថា ចុងឆ្នាំ២០១៩ លោកបានទៅលេងឆ្នេរជាភ្ញៀវទេសចរ រួចមកជួលផ្ទះដើម្បីពន្យារពេលស្នាក់នៅហើយក៏លួចដាំកញ្ឆាលក់។ មន្រ្តីបន្ថែមថា កាលពីខែសីហាឆ្នាំមុន លោកបានបញ្ជាទិញគ្រាប់ពូជកញ្ឆា និងឧបករណ៍សម្រាប់ដាំដុះរុក្ខជាតិតាមអ៊ីនធឺណិត។ ដំបូងគាត់ដាំកញ្ឆាបាន២០ដើម ប្រមូលស្លឹកហើយហាលឱ្យស្ងួតសម្រាប់ទុក ក្រោយមក គាត់បានដាំដើមកញ្ឆាចំនួន ២៧ ដើមទៀតដើម្បីលក់។
ដោយឡែកនៅខែធ្នូ ឆ្នាំ ២០២១ ប៉ូលីសបានរកឃើញដើមកញ្ឆានៅក្នុងបន្ទប់គេងរបស់គាត់ និងស្លឹកកញ្ឆាក្រៀមចំនួន ៣ គីឡូក្រាម។ គាត់បានប្រាប់តុលាការថា គាត់ត្រូវបានគេវាយដំរហូតដល់របួសដៃដោយជនជាតិរុស្សីម្នាក់ទៀត ដូច្នេះហើយគាត់បានប្រើប្រាស់កញ្ឆាជាថ្នាំបំបាត់ការឈឺចាប់។ លោកបានបន្ថែមថា លោកមិនបានដឹងថា ការដាំកញ្ឆាត្រូវបានហាមឃាត់ក្នុងប្រទេសវៀតណាមទេ។
គួរបញ្ជក់ថា Cannabis (កញ្ឆា) ស្ថិតក្នុងបញ្ជីថ្នាំហាមឃាត់ក្នុងប្រទេសវៀតណាម។ អ្នកដែលដាំកញ្ឆាក្នុងកម្រិតតូចមួយអាចត្រូវបានផាកពិន័យពី ២ ទៅ ៥ លានដុង (៨៦.១៦-២១៥.៤០ ដុល្លារ) ។ ប៉ុន្តែប្រសិនបើកសិករត្រូវបានសមត្ថកិច្ចរកឃើញថាមានការដាំដុះរុក្ខជាតិពី ៥០០ ទៅ ៣,០០០ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៦ ខែទៅ ៣ ឆ្នាំ៕