Cctimesw1140xh150cm copy

ក្រសួងបរិស្ថានរៀបចំបោះតុងនៅថ្ងៃ១៤កុម្ភៈដើម្បីបំផុសគំនិតយុវជនឱ្យស្រឡាញ់បរិស្ថាន

សង្គម
/
អ្នកយកព័ត៌មាន:
ទី វណ្ណី
/

ភ្នំពេញ៖ក្រសួងបរិស្ថាននឹងរៀបចំកម្មវិធីបោះជំរុំយុវជន នៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅថ្ងៃទី១៤ និងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ក្រោមប្រធានបទ « ថ្ងៃនៃក្តីស្រឡាញ់៖ យើងស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ» Valentine’s Prey Lang។កម្មវិធីបោះជំរុំនេះ រៀបចំឡើងក្នុងគោលបំណងបំផុសគំនិត ស្មារតីស្រលាញ់ និងអភិរក្សធនធានធម្មជាតិដល់ប្រជាជន ជាពិសេសយុវជន។

បើគ្មានអ្វីប្រែប្រួលទេនៅថ្ងៃ១៤កុម្ភៈនេះ ក្រសួងបរិស្ថាននឹងរៀបចំកម្មវិធីបោះជំរុំយុវជនក្រោមប្រធានបទ « ថ្ងៃនៃក្តីស្រឡាញ់៖ យើងស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ» Valentine’s Prey Langដោយមានមនុស្សជាង៥០០ មកពីក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈ និងឯកជន ដៃគូអភិវឌ្ឍន៍ តំណាងអង្គការក្រៅរាជរដ្ឋាភិបាល យុវជន សិស្ស និស្សិត ប្រជាសហគមន៍មូលដ្ឋាន និងក្រុមអ្នកស្រលាញ់បរិស្ថាន បាននាំគ្នាមកចុះឈ្មោះចូលរួមកម្មវិធីបោះជំរុំ(បោះតង់)នេះ។

បើតាមក្រសួងបរិស្ថានកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង គឺ១.ដើម្បីផ្សព្វផ្សាយយល់ដឹង បញ្រ្ជាបបន្ថែមនិងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ២.បំផុសគំនិត ស្មារតីស្រលាញ់ និងអភិរក្សធនធានធម្មជាតិដល់ប្រជាជន ជាពិសេសយុវជន ៣.បង្កើនការប្រាស្រ័យទាក់ទងរបស់ប្រជាជនគ្រាប់ស្រទាប់វណ្ណៈ ដើម្បីរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះនិងបរិស្ថាន។

នៅក្នុងកម្មវិធីនោះ នឹងមានការបំបួសដើមឈើ និងការធ្វើបទបង្ហាញ និងផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ ជីវ:ចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៉ីនៃតំបន់ព្រៃឡង់ដល់អ្នកចូលរួមផងដែរ។ ឯកឧត្តមបានថ្លែង ថា៖«គោលបំណងនៃការរៀបចំកម្មវិធីបោះតង់បរិស្ថាន ដើម្បីបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ ជីវ:ចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន និងដើម្បីជំរុញឱ្យមានការចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន»។

គួរបញ្ជាក់ថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃព្រៃឡង់ នៅឆ្នាំ ២០១៦ស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន មានទំហំផ្ទៃដីសរុបជាង ៤៣ ម៉ឺនហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ចំនួន ៤ គឺខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។

កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថានបានប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារនិងអភរិក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃដ៏មានសារ:សំខាន់នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: បរិស្ថាន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង