ភ្នំពេញ៖ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) កាលពីថ្ងៃទី២៨ ឧសភា បានសហការជាមួយ UNESCO រៀបចំវេទិកាយុវជនស្ដីពីតួនាទីសារព័ត៌មានលើការរាយការណ៍អំពីបម្រែបម្រួលអាកាសធាតុ ដើម្បីអបអរទិវាសេរីសារព័ត៌មានពិភពលោក លើកទី៣១ និងផ្ដល់ឱកាសដល់យុវជន បានបញ្ចេញទស្សនៈរបស់ពួកគេ ទៅលើតួនាទីអ្នកសារព័ត៌មាន ក្នុងការរាយការណ៍ពាក់ព័ន្ធបម្រែបម្រួលអាកាសធាតុ ក៏ដូចជាជម្រុញការផ្សព្វផ្សាយពីបញ្ហាបរិស្ថានពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុឱ្យបានទូលំទូលាយ។
នៅក្នុងវេទិកានេះ លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) មានប្រសាសន៍ថា វេទិកានេះរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់យុវជនបញ្ចេញទស្សនៈ របស់ពួកគេ ទៅលើតួនាទីអ្នកសារព័ត៌មាន ក្នុងការរាយការណ៍ពាក់ព័ន្ធបម្រែបម្រួលអាកាសធាតុ ការពិភាក្សាអំពីបញ្ហាប្រឈម ឱកាស ក៏ដូចជាបំផុសគំនិតឱ្យពួកគេចូលរួមយ៉ាងសកម្មនៅក្នុងការតស៊ូមតិដើម្បីនិរន្ដរភាពបរិស្ថាននៅក្នុងសហគមន៍របស់ពួកគេ។
លោក អ៊ុង ប៊ុនអ៊ី បានបន្ដថា វេទិកានេះក៏នឹងលើកកម្ពស់ការយល់ដឹងអំពីតួនាទីសំខាន់របស់អ្នកសារព័ត៌មានក្នុងការរាយការណ៍អំពីបញ្ហាបរិស្ថាន និងពង្រឹងការចូលរួមរបស់យុវជននៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ព្រោះយុវជនជាចលករសំខាន់នៃនវានុវត្តន៍ ភាពរីកចម្រើនទៅមុខ និងការផ្លាស់ប្ដូរបែបវិជ្ជមានសម្រាប់អ្នកជំនាន់ក្រោយទៀត។ ដូច្នេះយុវជនបានដើរតួយ៉ាងសំខាន់នៅក្នុងការចូលរួមទស្សនទានថ្មីៗ ក្នុងការរៀបចំអនាគតប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់គ្រប់គ្នា។
ប្រធាន DMC ក៏បានលើកឡើងទៀតថា ស្របពេលដែលពិភពលោកកំពុងមានវិបត្តិបរិស្ថាន ដូចជាគ្រោះធម្មជាតិ និងបម្រែបម្រួលអាកាសធាតុជាដើម គេក៏សង្កេតឃើញមានចុះផ្សាយព័ត៌មានមិនពិតអំពីបញ្ហាបរិស្ថាននេះដែរ ដែលនេះបានក្លាយជាបញ្ហាប្រឈមសម្រាប់មនុស្ស។ ដូច្នេះនិស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយ និស្សិតផ្នែកបរិស្ថាន អ្នកសារព័ត៌មាន អ្នកជំនាញផ្នែកបរិស្ថាន ក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ផ្សេងៗទៀត គួររួមគ្នាដោះស្រាយបញ្ហានេះ ។
លោក អ៊ុង ប៊ុនអ៊ី បានគូសបញ្ជាក់ថា ការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកប្រព័ន្ធផ្សព្វផ្សាយ ប្រកបដោយវិជ្ជាជីវៈ គឺជារឿងសំខាន់។ ដូច្នេះដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ប្ដេជ្ញាបន្ដបំពេញបេសកកម្មរបស់ខ្លួន នៅក្នុងអភិវឌ្ឍធនធានមនុស្សផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបន្ដចូលរួមចំណែកក្នុងការលើកម្ពស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវ ក៏ដូចជាសេរីភាពសារព័ត៌មានឱ្យកាន់តែប្រសើរ។
សូមជម្រាបថា ទិវាសេរីភាពសារព័ត៌មានពិភពលោក ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៣ ឧសភា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៣ មកម្លេះ។ នៅឆ្នាំ២០២៤នេះ ជាខួបលើកទី៣១ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក ដែលរៀបចំឡើងក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន»៕