Cctime 6monthsfree desktop
Cc times  web banner kh (2)

ស៊ីរីថាមនុស្សស្លាប់បណ្តាលមកពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ស៊ីរីថាមនុស្សស្លាប់បណ្តាលមកពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ប្រភពរូប៖ RT

ស៊ីរី៖ យ៉ាងហោចណាស់មនុស្សបីនាក់ត្រូវបានសម្លាប់នៅអាកាសយានដ្ឋានអន្តរជាតិ Damascus កាលពីថ្ងៃសុក្រ ដោយស៊ីរីបាននិយាយថា វាគឺជាការវាយប្រហារដោយមីស៊ីលពីអ៊ីស្រាអែល។ ជើងហោះហើរចំនួនពីរត្រូវបានពន្យារពេល ដោយសារអគ្គីភ័យនៅរោងចក្រ។ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ការវាយប្រហារនេះ គឺសំដៅទៅលើគោលដៅយោធាស៊ីរី និងអ៊ីរ៉ង់។

យោងតាមក្រសួងការពារជាតិស៊ីរី បានឲ្យដឹងថា កងការពារដែនអាកាសស៊ីរី បានស្ទាក់ចាប់ “មីស៊ីលសត្រូវ” ជាច្រើននៅលើមេឃក្នុងទីក្រុង Damascus កាលពីល្ងាចថ្ងៃសុក្រ ប៉ុន្តែមីស៊ីលមួយចំនួនបានឆ្លងកាត់ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស និងឆេះនៅព្រលានយន្តហោះ។ ការផ្ទុះក៏អាចត្រូវបានឮនៅតាមបណ្តោយឆ្នេរ និងក្នុងទីក្រុង Tartus ប្រទេសស៊ីរី។

ការវាយប្រហារកាលពីថ្ងៃសុក្រ បានកំណត់គោលដៅទៅលើក្រុមជីវពលគាំទ្រអ៊ីរ៉ង់ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី នេះបើយោងតាមទីភ្នាក់ងាររបស់អ៊ីស្រាអែល Ynet ។ តែរដ្ឋាភិបាលអ៊ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការលើរបាយការណ៍នេះទេ រហូតមកដល់ពេលនេះ។

ក្នុងឱកាសដ៏កម្រដែលអ៊ីស្រាអែលបានទទួលស្គាល់ថាបានធ្វើការវាយប្រហារនៅក្នុងប្រទេសស៊ីរី រដ្ឋាភិបាលអ៊ីស្រាអែលនិយាយថា ខ្លួនមានសិទ្ធិការពារខ្លួនជាមុនប្រឆាំងនឹងអ៊ីរ៉ង់។ ក្រុងតេអេរ៉ង់បានទទួលស្គាល់ថា បានបញ្ជូនជំនួយយោធាទៅក្រុងដាម៉ាស ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាមនិងក្រុមភេរវជនផ្សេងទៀត។

កាលពីខែមុន មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah បានព្រមានអ៊ីស្រាអែលថា ប្រសិនបើការវាយប្រហារបែបនេះនៅតែបន្ត អ៊ីរ៉ង់អាច "វាយប្រហារអ៊ីស្រាអែលដោយផ្ទាល់" ដោយលើកឡើងពីការវាយប្រហារដោយមីស៊ីលកាលពីខែមីនា ប្រឆាំងនឹងមូលដ្ឋានប្រតិបត្តិការអ៊ីស្រាអែលដែលសង្ស័យនៅក្នុងទីក្រុង Erbil ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង