ភ្នំពេញ៖ អ្នកស្រ្តីនិយម(Feminist)ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ ទាក់ទងនឹងសិទ្ធិស្រ្តី បញ្ហាសុខភាពផ្លូវភេទ និងសមភាពយេនឌ័រ(សិទ្ធិស្មើគ្នា) ជាប្រធានរសើបក្នុងសង្គមខ្មែរជាក់ស្ដែងដែលមិនហ៊ាននិយាយចេញមកឡើយ។ កញ្ញា Catherine Harry ដែលមានរហស្សនាមថា Cath (ខេត) ជាអ្នកសរសេរអត្ថបទប្លុក និងស្ថាបនិកនៃ A Dose of Cath ដែលជាផ្ដោតលើសំខាន់ទៅសិទ្ធិស្រ្តី ការអប់រំសុខភាពផ្លូវភេទ និងសមភាពយេនឌ័រ ជាបញ្ហាសំខាន់ក្នុងសង្គម មិនសូវមានអ្នកបានដឹង និងហ៊ាននិយាយចេញមកក្រៅជាសាធារណៈឡើយ ហើយកញ្ញា គិតថាដល់ពេលដែលត្រូវចាប់ផ្ដើមពីខ្លួនកញ្ញាជាមុនសិន ក្នុងការលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិត និងការកំណត់របស់សង្គម។
ក្នុងកិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ កញ្ញា ខេត ប្រាប់ថាប្លុកអត្ថបទ A Dose of Cath បង្កើតឡើងនៅឆ្នាំ២០១២ សរសេរផ្ដោតសំខាន់ជាងគេទៅលើសមភាពយេនឌ័រ និយាយពីវប្បធម៌ផ្សេងៗ នៃសិទ្ធិស្រ្តី សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា(LGBT) និងសុខភាពអប់រំផ្លូវភេទ។ ជារួម កញ្ញា ខេត ចង់លើកប្រធានដែលមនុស្សភាគច្រើន អត់ហ៊ាននិយាយ និងអត់ដែលនឹកដល់ ចង់ឱ្យមនុស្សគ្រប់គ្នា បើកចំហនិយាយពីប្រធានទាំងនោះជាសាធារណៈ ហើយកញ្ញាមិនរង់ចាំឱ្យនរណាមកនិយាយមុនទេ តែត្រូវចាប់ផ្ដើមពីខ្លួនកញ្ញាសិន។
A Dose of Cath មានន័យថា ថ្នាំមួយមួយគ្រាប់ដែលមានសារជាតិកញ្ញាខេតមានក្នុងនោះ អាចនិយាយថា A Dose of Cath គឺជាគំនិតមួយ សម្លេងមួយ ផ្នែករបស់កញ្ញាខេត ដែលចង់និយាយបង្ហាញឱ្យប្រិយមិត្តទាំងអស់ បើសិនពួកគាត់គាំទ្រ និងចូលចិត្ត ពួកគាត់យកដាក់ក្នុងខ្លួនបាន តែបើសិនពួកគាត់អត់ចូលចិត្តទេ មិនបាត់ក៏មិនអីដែរ សំខាន់កញ្ញាចង់ឱ្យអ្នកគ្រប់គ្នាបានដឹង ទោះជាគាំទ្រ ឬមិនគាំទ្រក៏ដោយ។ យ៉ាងណាមិញ កញ្ញា ខេត ប្រាប់ថា «ការគាំទ្រទាំងអស់គឺសំខាន់ណាស់ សម្រាប់ខ្ញុំ។ ការគាំទ្រទាំងនោះ ជាការលើកទឹកចិត្តមួយដែលខ្ញុំត្រូវការ និងជាកម្លាំងចលករជម្រុញឱ្យខ្ញុំមានកម្លាំងចិត្តបន្តធ្វើវីដេអូប្លុករហូតដល់សព្វថ្ងៃនេះ»។
ពេលមានអាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅក្នុងរាជធានីភ្នំពេញ កញ្ញា ខេត ធ្លាប់ចូលធ្វើការនៅអង្គការមួយ ហើយបានសិក្សាពីគម្រោងជាច្រើនពាក់ព័ន្ធនឹងប្រធានបទ ការផ្ដល់សិទ្ធិស្នើគ្នា ការអប់រំសុខភាពផ្លូវភេទ និងសមភាពយេនឌ័រ ហើយចាប់ផ្ដើមសរសេរប្លុកផ្ទាល់ខ្លួនពាក់ព័ន្ធនឹងប្រធានបទនានាទូទៅ ក្រោយមកកញ្ញាចាប់ផ្ដើមសរសេរពីបែបរសើបជាបន្តបន្ទាប់ ហើយក៏ទទួលបានការគាំទ្រ និងចាប់ផ្ដើមមានការរិះគន់បន្តិចម្ដងៗ ក្នុងការសរសេរប្លុកនោះ។ រហូតដល់ឆ្នាំ២០១៧ កញ្ញាបានធ្វើវីដេអូប្លុកនិយាយពាក់ព័ន្ធនឹងប្រធានរសើប និងស៊ីជម្រៅ ហើយក៏បានត្រៀមខ្លួនរួចរាល់ក្នុងការទទួលយកការរិះគន់ពីសង្គមជាច្រើនផងដែរ។
ក្នុងការផលិតវីដេអូនីមួយៗ គឺត្រូវចំណាយថវិការបស់ខ្លួនឯងផ្ទាល់តែម្ដង ហើយកញ្ញាមិនចង់ធ្វើដើម្បីរកប្រាក់ចំណូលនោះទេ គឺចង់ឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិតសង្គមតែប៉ុណ្ណោះ ក្រោយពីបានស្វែងយល់ពីប្រធានបទសំខាន់ជាច្រើន មនុស្សតិចណាស់ដែលបានដឹង ហើយមនុស្សជាច្រើនអត់បានដឹង និងអត់ហ៊ាននិយាយចេញមកក្រៅជាសាធារណៈឡើយ។ ប្រធានបទដំបូងៗ ពាក់ព័ន្ធនឹងការងារផ្សេងៗ រហូតដល់ប្រធានបទដែលរសើប គឺអ្វីដែលផ្ទុយពីសង្គមបានកំណត់មិនមាននរណាហ៊ាននិយាយជាសាធារណដូចជា ប្រធានបទការសម្រេចផ្លូវភេទរបស់មនុស្សស្រី, អំពើហឹង្សាផ្លូវភេទលើស្ត្រី, រាងកាយរបស់មនុស្សស្រី និងប្រធានបទមួយទៀតដែលមានគេស្គាល់ខ្លាំងគឺនិយាយអំពីបញ្ហាព្រហ្មចារីយ៍។
កញ្ញាវាគ្មិនអ្នកស្រ្តីនិយម(Feminist)រូបនេះ បន្តថា ពាក្យរិះគន់ទាំងអស់នោះ អត់សូវពិបាកទទួលយកនោះទេ។ បើសិនជាមិនមែនការរិះគន់ នោះមានន័យថា ការពិភាក្សារវាងអ្នកគិតក្នុងសង្គម ដែលកញ្ញាចង់ឱ្យមានការផ្លាស់ផ្នត់គំនិត វាមិនទាន់ជោគជ័យ និងមិនទាន់ទៅដល់ពួកគាត់។ កញ្ញាមានការគិតវិជ្ជមានចំពោះការរិះគន់ថា នៅពេលមានពាក្យរិះគន់ បញ្ជាក់ថា អ្វីដែលកញ្ញាចង់និយាយផ្ដល់សារ បានទៅដល់ភាគីទាំងអស់នោះ ហើយវាកំពុងតែធ្វើឱ្យមានការពិភាក្សា និងវែកញែកអំពីប្រធានបទទាំងនោះ។
ស្ថានិកប្លុកវ័យ ២៥ឆ្នាំរូបនេះ បានធ្លាប់ធ្វើការស្រាវជ្រាវទៅលើវេបសាយ៍ការអប់រំសុខភាពផ្លូវភេទ សមភាពយេនឌ័រមួយចំនួនធំ ដូចជា Plannedparenthood.com ជាវេបសាយ៍មួយនៅអាមេរិក ដែលពួកធ្វើការទៅលើសុខភាពបន្តពូជ និងការរំលូតកូនជាដើម។ ដូចនេះ វេបសាយ៍នោះ មានព័ត៌មានច្រើន ទាក់ទងនឹងប្រធានបទនោះ ពួកគាត់ត្រូវបានគេទទួលស្គាល់ខ្លាំង នៅបណ្ដាប្រទេសនានា។ ហេតុនេះហើយ ចំណេះដឹងគ្រឹះមួយចំនួនដែលកញ្ញាធ្លាប់បានប្រឡូកចូលក្នុងវិស័យការងារតាំងពីអាយុ ១៨ឆ្នាំមកក្នុងអង្គការ ហើយពិភាក្សាជាមួយវាគ្មិនពាក់ព័ន្ធប្រធានការអប់រំសុខភាពផ្លូវភេទ មុននឹងខ្ញុំបានចូលសរសេរ និងធ្វើប្លុក A Dose of Cath មកម្ល៉េះ ទើបកញ្ញាអាចពង្រីកចំណេះដឹងបន្ថែមមួយចំនួនទៀត តាមរយះការអានសៀវភៅ ដើម្បីជាទុនក្នុងការចែករំលែកចំណេះដឹងដែលខ្ញុំអាចផ្ដល់ឱ្យគ្រប់គ្នា តាមលទ្ធភាព។
សម្រាប់កញ្ញា Catherine អ្វីដែលពិបាកជាងគេ គឺការអប់រំក្នុងការកែប្រែផ្នត់គំនិតរបស់មនុស្ស ការផ្លាស់គំនិត ការគិតរបស់មនុស្សក្នុងសង្គម។ នៅក្នុងការពិភាក្សាមួយ ស្រាប់តែពេលកញ្ញាបានចូលទៅដល់ កញ្ញាប្រាប់ថា វាមិនគួរបែបនេះទេ វាមិនគួរអញ្ចឹងទេ គួរតែមានការផ្លាស់ប្ដូរ ក្នុងនោះដែរចំពោះអ្នករិះគន់ ពេលខ្លះពួកគាត់នៅតែប្រកាន់ជំហរមិនទទួលយកគំនិតដែលកញ្ញាចង់ប្រាប់នោះទេ ដែលគិតថាគំនិតរបស់កញ្ញាជាសម្លេង ឬគ្រាន់តែជាគំនិតមួយតែប៉ុណ្ណោះ។
មនុស្សបែងចែកជា ពីរប្រភេទគឺ មនុស្សទីមួយគឺគាត់អត់ដឹងក៏ប៉ុន្តែគាត់បើកចិត្តចង់ដឹងហើយបើកទូលាយក្នុងការស្វែងយល់ និងមនុស្សទីពីរគឺគាត់អត់ដឹង អត់យល់ មិនចង់ដឹងនិងគិតថាខ្លួនយល់ដឹងច្បាស់ហើយមិនបើកទូលាយក្នុងការទទួលគំនិតអ្នកដទៃ ដែលជាប្រភេទមនុស្សពិបាកក្នុងការកែប្រែផ្លាស់ប្ដូរផ្នត់គំនិតរបស់ពួកគាត់ពិតប្រាកដ។ ភាគច្រើន ផ្នត់គំនិតរបស់អ្នករិះគន់គិតថា សង្គមគឺត្រូវប្រកាន់តែបែបនេះ មនុស្សស្រីគឺបែបនោះ។ ប្រសិនបើអ្នកគ្រប់គ្នាបន្តការដើរតាមផ្នត់គំនិតរបស់សង្គមដែលបានកំណត់ទុកនោះ វានឹងធ្វើឱ្យប៉ះពាល់មនុស្សមួយក្រុមដូចជាស្រ្តី អ្នកស្រលាញ់ភេទដូចគ្នា (LGBT) ហើយទោះបីជាត្រូវមានគេរិះគន់យ៉ាងណាក្ដី កញ្ញា ខេត សុខចិត្តធ្វើជាផ្ទាំងស៊ីបឱ្យគេបាញ់ ព្រោះមិនចង់ឱ្យសង្គមមានការយល់ខុស និងបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត ដោយសារការមិនហ៊ានបញ្ចេញមតិអំពីបញ្ហានោះជាសាធារណៈ។ ដូចនេះវាត្រូវចាប់ផ្ដើមពីខ្លួនឯងជាមុនសិន។
ទោះបីជាយ៉ាងណា កញ្ញា ខេត បញ្ជាក់បន្ថែមថា« ក្នុងថ្ងៃល្អរបស់ខ្ញុំគឺ ខ្ញុំពេញចិត្តនូវអ្វីដែលខ្លួនបានធ្វើ ហើយគិតថាវាជាអំពើល្អ ហើយទទួលបានផលល្អហើយ ដែលកំពុងធ្វើឱ្យមានការផ្លាស់ប្ដូរ និងមានការទទួលស្គាល់ពីអ្នកដទៃ និងពួកគាត់យល់ពីគោលបំណងពិតប្រាកដរបស់ខ្ញុំជាបន្តបន្ទាប់ ហើយសម្រាប់ថ្ងៃមិនល្អ គឺខ្ញុំក៏បានត្រឡប់មកគិតសារឡើងវិញ នូវដែលខ្ញុំបានធ្វើគឺអត់ទាន់គ្រប់គ្រាន់នោះឡើយ។ ជួនគិតថា មកដល់វ័យនេះហើយ មានអ្នកផ្សេង គេធ្វើបានច្រើនជាងអ្វីដែលខ្ញុំបានធ្វើទៅទៀត ដែលប្រៀបធៀបខ្លួនថា ហេតុអ្វីធ្វើអត់បានច្រើនដូចគេ។ ប៉ុន្តែខ្ញុំតែងតែដាស់ខ្លួនឯងវិញនូវអ្វីដែលខ្ញុំបានធ្វើកន្លងមក ក៏ដូចជាការលើកទឹកចិត្តពីអ្នកគាំទ្ររបស់ខ្ញុំ នេះក៏ជាកម្លាំងចិត្តធ្វើឱ្យមានអារម្មណ៍វិជ្ជមានផងដែរ។
ជាចក្ខុវិស័យរបស់ស្ថានិកប្លុក A Dose of Cath កញ្ញា Catherine ចង់បង្កើតឱ្យមានការផ្លាស់ប្ដូរមួយដែលពង្រីកឱ្យចលនាមួយដែលមានមនុស្សចូលរួមនៅខាងក្រៅ ក្នុងចលនាសង្គមខាងក្រៅជាក់ស្ដែង ជាជាងចូលរួមត្រឹមនៅតែក្នុងប្រព័ន្ធអនឡាញប៉ុណ្ណោះទេ។ ម្យ៉ាងវិញទៀត ចង់ឱ្យចលនាធំមួយទាក់ទងនឹងសិទ្ធិស្មើគ្នា សិទ្ធិស្រលាញ់ភេទដូចគ្នា ជាពិសេសសិទ្ធិស្រ្តី ដើម្បីឱ្យពួកគាត់មានការគិតឡើងវិញ មានការឆ្ងល់នូវអ្វីដែលសង្គមបានកំណត់តាំងពីដើមមក ហើយចាប់ផ្ដើមគិតថាវាជារឿងខុសឬត្រូវ ហើយចាប់ផ្ដើមស្វែងរកការពិត។
ជាការផ្ដាំផ្ញើរដល់យុវវ័យ ក៏ដូចជាស្រ្តីនៅក្នុងប្រទេសកម្ពុជាថា នៅពេលដែលសង្គមមួយ ប្រទេសមួយ ជំនាន់មួយ និយាយប្រាប់ និងកំណត់ថា បែបនេះទើបត្រូវ បែបនេះទើបល្អ យើងគួរតែធ្វើបែបនោះវាសម ក៏ប៉ុន្តែវាមិនប្រាកដថា វាជារឿងត្រឹមត្រូវនោះទេ។ ក្នុងនាមយើងជាយុវវ័យជំនាន់ក្រោយ មិនមែនត្រូវធ្វើតាមនូវអ្វីដែលសង្គមគិតថា សម ឬមិនសមនោះទេ តែចង់ឱ្យអ្នករាល់គ្នា ត្រូវចាប់ផ្ដើមសួរ ចាប់ឆ្ងល់វិញ។ ឧទាហរណ៍ថា គេនិយាយថា វប្បធម៌ខ្មែរនិយាយថាឱ្យមនុស្សស្រីធ្វើបែបនេះ អញ្ចឹងកញ្ញា ខេត ចង់ឱ្យយុវវ័យសួរទៅវិញថា ហេតុអ្វីបានជាវប្បធម៌និយាយថាបែបហ្នឹង? ឱ្យចេះសួរជីកឫសជីកគល់ ដើម្បីដឹងថា វាខុស ឬត្រូវ ហើយសម្រេចចិត្តថា យ៉ាងណាទៅលើរឿងហ្នឹង? លើសពីនេះទៅទៀត កញ្ញាចង់ឱ្យយុវតី យុវនារី និងស្រ្តីគ្រប់រូបដឹងថា ពួកគាត់មានសមត្ថភាព និងពិតជាមានឥទ្ធិពល សក្ដានុពល ដើម្បីដើរតាមតាមក្ដីស្រមៃ និងមហិច្ឆិតារបស់ខ្លួន ប្រសិនបើពួកគាត់ចង់។ សូមកុំគិតថា ដោយសារតែខ្លួនជាមនុស្សស្រី មានតែធ្វើជាប្រពន្ធគេ ម្ដាយគេ ត្រូវតែរៀបការ មានកូន លែងមានក្ដីស្រមៃនោះទេ បែរជាបោះបង់ចោលនូវអ្វីជាមហិច្ឆិតារបស់ខ្លួនត្រឹមហ្នឹងនោះឡើយ។
សូមបញ្ជាក់ថា ការផ្លាស់ប្ដូរផ្នត់គំនិតក្នុងសង្គមរបស់កញ្ញា ខេត គឺការផ្ដល់សិទ្ធិសេរីភាពឱ្យបានស្មើគ្នាៗ រវាងសមភាពយេនឌ័រ ទាំងប្រុសស្រី និងភេទស្រលាញ់ភេទដូចគ្នា។ ហើយភាគច្រើនផ្ដោតសំខាន់លើសិទ្ធិស្រ្តី ចង់ឱ្យមានការផ្លាស់ប្ដូររបបបិតាធិបតេយ្យ មិនផ្ដល់ឱកាសដល់ស្រ្តី ដែលនិយាយថា មនុស្សស្រីជាក្រណាត់ស, មនុស្សវិលចង្រ្កានមិនជុំ, ពេលមានអំពើហឹង្សាផ្លូវភេទលើស្រ្តី បែរចោទថាស្រ្តីជាអ្នកខុស។ ជារួម អ្វីដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្រ្តី ប៉ះពាល់ដល់ឱកាសរបស់ស្រ្តីក្នុងការចូលរួមក្នុងសង្គម។