
ហូជីមិញ៖ប្រទេសវៀតណាម បានយល់ព្រមគាំទ្រប្រទេសឡាវ ក្នុងការសាងសង់សួនសាធារណៈថ្មីមួយដែលនឹងមានទីតាំងនៅរដ្ឋធានីវៀងច័ន្ទ។ ការសម្រេចចិត្តសាងសង់ឧទ្យាននេះធ្វើឡើងចំពេលមានដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ដែលបានជួបជាមួយមន្ត្រីជាន់ខ្ពស់ក្នុងប្រទេសឡាវក្នុងសប្តាហ៍នេះ។
សួនសាធារណៈមិត្តភាពឡាវ-វៀតណាម នឹងត្រូវសាងសង់នៅក្នុងភូមិ Dongmakkhai ស្រុក Xaythany ដែលរចនាដោយអ្នកជំនាញវៀតណាមគ្របដណ្តប់លើផ្ទៃដីទំហំ ៣ ហិកតា។ ប្រទេសទាំងពីរកំពុងប្រារព្ធឆ្នាំមិត្តភាពឡាវ-វៀតណាមឆ្នាំ២០២២ចំពេលខួបលើកទី៦០នៃទំនាក់ទំនងការទូតរវាងឡាវនិងវៀតណាម។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់សួនសាធារណៈត្រូវបានធ្វើឡើងកាលពីម្សិលមិញដែលមានការចូលរួមពីប្រធានការិយាល័យរដ្ឋបាលនៃគណៈកម្មាធិការមជ្ឈិមបក្ស លោក ថោង សាលីត ម៉ង់ណូម៉ិច។

ថ្លែងក្នុងពិធីនោះ លោក ថោង សាលីត បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលវៀតណាម ដែលបានគាំទ្រគម្រោងនេះ ដោយបានកោតសរសើរចំពោះទំនាក់ទំនងពិសេសរវាងបក្ស និងរដ្ឋាភិបាលទាំងពីរ ដែលបាននាំឱ្យប្រទេសទាំងពីរមានការអភិវឌ្ឍន៍កាន់តែរីកចម្រើន៕