
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសជាសមាជិកនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នឹងធ្វើសមយុទ្ធយោធារួមគ្នាជាបន្តបន្ទាប់នៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ២០ របស់ CSTO នៅទីក្រុងមូស្គូ លោក ពូទីន បាននិយាយថា រុស្ស៊ីមិនមានបញ្ហាជាមួយហ្វាំងឡង់ ឬស៊ុយអែត ដែលបានសម្រេចចិត្តចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។
លោកពូទីនបាននិយាយថា ប្រទេសទាំងពីរដែលចូលរួមជាមួយណាតូនឹងមិនបង្កើតការគំរាមកំហែងដោយផ្ទាល់ដល់រុស្ស៊ីទេ ប៉ុន្តែការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ណាតូទៅក្នុងទឹកដីរបស់ពួកគេពិតជានឹងបង្កឱ្យមានការឆ្លើយតបរបស់រុស្ស៊ី ហើយការឆ្លើយតបពិតប្រាកដនឹងអាស្រ័យលើប្រភេទនៃការគំរាមកំហែងដែលរុស្ស៊ីនឹងត្រូវប្រឈមមុខ។
នៅក្នុងកិច្ចប្រជុំកំពូលនេះ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយថា ប្រទេសហ្វាំងឡង់ និងស៊ុយអែតកំពុងស្វែងរកការចូលរួមក្នុងអង្គការ NATO ចំពេលដែលលោកខាងលិចខិតខំប្រឹងប្រែងដើម្បីបង្កើនវត្តមានយោធារបស់ខ្លួន។
លោក Lukashenko បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងទូលំទូលាយនៅក្នុង CSTO រួមទាំងការបង្កើនការសម្របសម្រួលផ្នែកនយោបាយ និងការកែលម្អសមត្ថភាពក្នុងការដោះស្រាយការគំរាមកំហែងក្នុងវិស័យព័ត៌មាន៕