Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងការងារ នឹងរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ នៅខែមិថុនា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «TVET បង្កើនផលិតផលជាតិ និងភាពប្រកួតប្រជែងខ្ពស់»។ ទិវាជាតិនេះ ប្រព្រឹត្តទៅនៅថ្ងៃទី១៥ មិថុនា នៅគ្រប់រាជធានី ខេត្ត ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា ធីវេទ (TVET)។

ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណៈជន និងសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម ក្រុមហ៊ុនឯកជន អង្គការជាតិ និងអន្ដរជាតិ។

យោងតាមសារាចរស្ដីពី ការរៀបចំទិវាជាតិនេះ រាជរដ្ឋាភិបាល អំពាវនា ឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមសហការគាំទ្រដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយទិវាជាតិ លើកទី៥នេះ លើគ្រប់មធ្យោបាយ ដូចជាការចងពាក្យស្លោក បដា នៅតាមទីសាធារណៈជាដើម។

រដ្ឋបាលខេត្តនីមួយៗ ត្រូវរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ ដោយមានការចូលរួមពីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ ឯកជន និងអង្គការ សមាគម ជាពិសេសវិស័យឯកជន ក្រុមហ៊ុន រោងចក្រ និងសហគ្រា ផងដែរ។

គួរបញ្ជាក់ថា ទីតាំង និងពេលវេលាប្រារព្ធទិវាជាតិលើកទី៥នេះ តាមរាជធានី ខេត្ត ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងជូនដំណឹងពេលក្រោយ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង