
ភ្នំពេញ៖ សម្តេច ហ៊ុន សែន ព្រមានដកអាជ្ញាប័ណ្ណក្រុមហ៊ុនដែលមានសិទ្ធិផលិតវ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា ដែលមិនព្រមចាប់ផ្តើមដំណើរការផលិត។ សម្តេច សង្កត់ធ្ងន់ថា ប្រសិនបើពិបាកនោះរដ្ឋាភិបាលនឹងចេញកញ្ចប់ផលិតវ៉ាក់សាំងដោយខ្លួនឯង។ សម្តេចនាយករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩នៅព្រឹកនេះ។
ឆ្លៀតក្នុងពិធីនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ធ្ងន់ៗជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលយ៉ាងដូច្នេះថា ក្រុមហ៊ុន ដែលទទួល អាជ្ញាប័ណ្ណ(License) ក្នុងការធ្វើរោងចក្រផលិតវ៉ាកសាំងនៅកម្ពុជារួចហើយ ហេតុអីមិនធ្វើ បើមិនធ្វើ ត្រូវឲ្យក្រុមហ៊ុនផ្សេងដែលមានសមត្ថភាពធ្វើ ហើយបើថាពិបាកណាស់ សូមយកមកធ្វើដោយក្រសួងសុខាភិបាលផ្ទាល់តែម្ដង ព្រោះកិច្ចការនេះចាំបាច់ណាស់។ សម្ដេច សូមឲ្យក្រសួងត្រូវធ្វើវឌ្ឍនភាពស្ដីពីការបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីស-១៩នៅកម្ពុជា ក្នុងមួយសប្ដាហ៍ម្ដង។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានថ្លែងថា កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៥២លានដូស ហើយបានប្រើប្រាស់អស់ជិត៤៣លានដូស ដូច្នេះបច្ចុប្បន្នកម្ពុជា នៅសល់វ៉ាក់សាំងក្នុងឃ្លាំងជិត១០លានដូស ហើយក្នុងចំណោមវ៉ាក់សាំងទាំងអស់ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន២៨,៥លានដូស ជាវ៉ាក់សាំងដែលកម្ពុជាទិញដោយខ្លួនឯង ហើយវ៉ាក់សាំងដែលមិនទាន់ដឹកមកកកម្ពុជាមានជាង២០លានដូសបន្ថែមទៀត៕
