
វៀតណាម៖ លោក ង្វៀន ធានទ្រុង (Nguyen Tien Trong) ជាម្ចាស់ជើងឯកកីឡាលោតចម្ងាយបុរស SEA Games លើកទី៣១ បានលុតជង្គង់សំពះសុំមិត្តស្រីរបស់គាត់រៀបការ ក្រោយពីរូបគាត់បានចុះពីវេទិកា ដើម្បីទទួលមេដាយមាស។
មិត្តស្រីរបស់គេ មានឈ្មោះ Nguyen Thi Phuong Trinh អត្តពលិកកីឡាហែលទឹករបស់ប្រទេសវៀតណាមដែលកំពុងចូលរួមប្រកួតនៅស៊ីហ្គេមលើកទី៣១ ក្នុងពេលប្រទេសកំណើតរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះទទួលប្រទេសមកពីតំបន់អាស៊ាន។
ការលុតជង្គង់សុំមិត្តស្រីរៀបការរបស់យុវជនវៀតណាមនេះ បានបង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងវេទិកា និង បណ្តាញសង្គមដោយអ្នកចូលរួមផ្ញើសារអបអរសាទរយុវជនទាំងពីរនាក់ ខណៈក្រុមគ្រួសារទាំងសងខាងប្រមាណ២០នាក់ក៏បានជិះឡានក្រុងទៅកាន់ទីក្រុងហាណូយ ដើម្បីលើកទឹកចិត្តពួកគាត់ទាំងពីរផងដែរ។
ក្រោយកីឡាករវៀតណាមវ័យ ២៥ ឆ្នាំរូបនេះ បានស្នើរសុំពីមិត្តស្រីបានជោគជ័យ ពួកគេទាំងពីរនាក់មានគម្រោងនឹងនាំមិត្តស្រីរបស់គាត់ត្រឡប់មកវិញ ដើម្បីបង្ហាញម្តាយរបស់គាត់ និងរៀបចំមង្គលការតាមប្រពៃណី៕