
ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីន ភីង បានសង្កត់ធ្ងន់លើការសម្រេចគោលដៅ និងបេសកកម្មពង្រឹងកិច្ចការពារជាតិនិងកងកម្លាំងប្រដាប់អាវុធសម្រាប់ឆ្នាំ ២០២០ ស្របពេលដែលរក្សាការត្រួតពិនិត្យការរាតត្បាតប្រកបដោយប្រសិទ្ធភាព។
លោកស៊ី ប្រធានាធិបតីចិន ក៏បានសង្កត់ធ្ងន់ទៅលើការច្នៃប្រឌិតវិទ្យាសាស្ត្រលើវិស័យការពារជាតិ និងបណ្តុះបណ្តាលបុគ្គលិកយោធាដែលមានសមត្ថភាពខ្ពស់ ដោយកត់សម្គាល់ថានៅឆ្នាំនេះគឺជាការបញ្ចប់នៃផែនការ ៥ឆ្នាំ លើកទី ១៣ សម្រាប់ការអភិវឌ្ឍយោធា ពិសេសត្រូវចាត់វិធានការវិសាមញ្ញ ដើម្បីជៀសផុតពីផលប៉ះពាល់នៃការរីករាលដាល COVID-១៩ ។
បើតាមលោក ស៊ី ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-១៩ គឺជាការសាកល្បងមួយសម្រាប់កងទ័ព។ កងទ័ពរំដោះប្រជាជន បានធ្វើតាមការបញ្ជារបស់បក្សឆ្លើយតបយ៉ាងលឿនតាមការបញ្ជា និងបានដើរតួនាទីយ៉ាងសំខាន់និងបានចូលរួមចំណែកដ៏ឆ្នើមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-១៩ ។
លោក ស៊ី ទាមទារឱ្យមានផែនការល្អលើផែនការ ៥ ឆ្នាំខាងមុខ ស្តីពីការចំណាយលើវិស័យការពារជាតិហើយ រាល់ការចំណាយត្រូវតែចំណាយឱ្យបានល្អ ដើម្បីបង្កើតលទ្ធផលអតិបរមា។ លោកក៏បានស្នើឱ្យយោធាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមការជួយកាត់បន្ថយភាពក្រីក្រទៀតផង។
គួរបញ្ជាក់ថា ការថ្លែងរបស់អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម លោកស៊ី ជីនភីង ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈប្រតិភូនៃកងទ័ពរំដោះប្រជាជន និងកងកម្លាំងប្រដាប់អាវុធប្រជាជននៅសម័យប្រជុំលើកទី១៣ នៃសភាប្រជាជនជាតិនីតិកាលជាតិរបស់ប្រទេសចិន៕