
វៀងច័ន្ទ៖សហគ្រាសប្រេងឥន្ធនៈរដ្ឋឡាវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញជាមួយរោងចក្រចម្រាញ់ប្រេងនៅ ខេត្តស៊ីងឃួង ដែលជាខេត្តមួយស្ថិតនៅភាគឦសាននៃប្រទេសឡាវ។ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រទេសឡាវរងការខ្វះខាតជាខ្លាំងពីការនាំចូលប្រេង នឹងតម្លៃប្រេងមានការហក់ឡើងខ្ពស់ជាទីបំផុតដែលជះឥទ្ធិពលជាខ្លាំងដល់ប្រជាជនឡាវ នេះបើយោងតាមសារព័ត៌មានឡាវបានចុះផ្សាយ។
លោក Sisangkhom Khotyotha នាយកសហគ្រាសប្រេងឥន្ធនៈរដ្ឋឡាវ និងលោក Somvang Khulurat នាយករោងចក្រ Yodngeum Power Mix Fuel បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញកាលពីម្សិលមិញនៅចំពោះមុខមន្ត្រីខេត្ត។
បើតាមលោក សោម វ៉ាង បានឲ្យដឹងថារោងចក្រចម្រាញ់ប្រេងនៅស្រុកពើក ខេត្តស៊ីងឃួង ផលិតប្រេងម៉ាស៊ូតបាន ១០លានលីត្រក្នុងមួយខែ ហើយអាចផលិតបានរហូតដល់ ៣០លានលីត្រ តាមតម្រូវការ។ លោកបានបញ្ជាក់ថា ផលិតផលប្រេងចម្រាញ់នឹងរួចរាល់សម្រាប់ការចែកចាយនៅចុងខែឧសភា ដោយជំនួសឱ្យការនាំចូលពីប្រទេសថៃ រោងចក្របាននិងកំពុងទិញប្រេងឆៅ និងចម្រាញ់ពីរោងចក្រចម្រាញ់ Nghi Son ក្នុងប្រទេសវៀតណាម ដែលមានចម្ងាយត្រឹមតែ ៣១៨ គីឡូម៉ែត្រប៉ុណ្ណោះ។
លោក Somvang បានមានប្រសាសន៍ថា "ប្រេងនឹងត្រូវបានរក្សាទុកនៅហ្លួងប្រាបាង មុនពេលចែកចាយទៅកាន់ខេត្តភាគខាងជើងដោយសហគ្រាសប្រេងឥន្ធនៈរដ្ឋឡាវ"។ លោកបានបន្ថែមថា៖ «យើងមានគម្រោងពង្រីកទៅខេត្តភាគកណ្តាល និងភាគខាងត្បូងនៅខែកញ្ញាឆ្នាំនេះ»។
រោងចក្រចម្រាញ់ប្រេងដំបូងគេនៅប្រទេសឡាវត្រូវបានសាងសង់នៅក្នុងតំបន់អភិវឌ្ឍន៍ Saysettha ក្នុងឆ្នាំ ២០១៥ ហើយបានចាប់ផ្តើមផលិតប្រេងឥន្ធនៈសាកល្បងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០៕