ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជា ប្រធានគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំដល់ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតនានានៅក្នុងរាជធានីភ្នំពេញ។
ការណែនាំបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ឧសភាឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ តំណាងស្នងការនគរបាលរាជធានី តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ពន្ធនាគាររាជធានី កងយោធភូមិភាគពិសេសនិងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងកងកំលាំងពាក់ព័ន្ធទាំងអស់ ក្រៅពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតហើយនោះ ត្រូវពិនិត្យពីភាពអសកម្មនានានៅតាមទីតាំងនិងការិយាល័យបោះឆ្នោត សំដៅធ្វើយ៉ាងណា ឱ្យការបោះឆ្នោតនេះ ដំណើរការទៅដោយរលូនធានាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដមឃួង ស្រេង ទាមទាឱ្យកម្លាំងនិងអាជ្ញាធរទាំងអស់ ក្រៅពីការខិតខំប្រឹងប្រែងបំពេញការងារក្នុងអំឡុងពេលយុទ្ធនាការឃោសនានិងអំឡុងពេលបោះឆ្នោតនេះហើយ ត្រូវពិនិត្យមើលផ្លូវច្បាឱ្យច្បាស់លាស់ ដើម្បីអនុវត្តការងារទាំងនេះបានទៅដោយរលូន បានល្អប្រសើរនិងគ្មានកំហុសឆ្គង៕