
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១២ ឧសភានេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចេញផ្សាយជាផ្លូវការ «សៀវភៅស ការពារជាតិ ឆ្នាំ២០២២» និងការផ្សព្វផ្សាយទូលំទូលាយនូវការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។
សម្តេច ទៀ បាញ់ បានឱ្យដឹងថា សៀវភៅស ការពារជាតិ បានធ្វើឱ្យសម្តេចនឹកឃើញដល់ចំណុចចាប់ផ្តើមដ៏លំបាក ក្នុងការកសាងគោលនយោបាយការពារជាតិលើកដំបូង នៅក្នុងកាលៈទេសៈដែលកំសួលនៃភ្លើងសង្គ្រាមនៅកម្ពុជា មិនទាន់បានរលត់ទាំងស្រុងនៅឡើយ។ ម្យ៉ាងទៀត ការព្យាយាមស្វែងរកការគាំទ្រដល់ការកសាងយុទ្ធសាស្ត្រការពារជាតិបើកជំហរបែបនេះមិនមែនជាការងាយស្រួលនោះទេ។
សម្តេច ទៀ បាញ់ បានថ្លែងថា សម្តេចតេជោ តែងតែចាត់ទុក «សៀវភៅស ការពារជាតិ» ជាត្រីវិស័យសម្រាប់កងកម្លាំងប្រដាប់អាវុធនៅក្នុងការបំពេញតួនាទីរបស់ខ្លួន ជាពិសេសនៅក្នុងដំណើរការកែទម្រង់យោធា ការលើកកម្ពស់សមត្ថភាពកងទ័ព និងកិច្ចទំនាក់ទំនងការទូតអន្តរជាតិ សម្រាប់មជ្ឈដ្ឋានអន្តរជាតិ «សៀវភៅស ការពារជាតិ» គឺជាការឆ្លុះបញ្ចាំងនូវសុឆន្ទៈរបស់កម្ពុជា នៅក្នុងការរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ តាមរយៈការកសាងតម្លាភាព និងការទុកចិត្តគ្នាទៅវិញទៅមក៕

